ភ្នំពេញ ៖ក្មេងស្ទាវពីរក្រុម ដេញវាយគ្នាតាមផ្លូវបង្ក ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០២ វិច្ឆិកា ២០១៦ នៅត្រង់ចំណុចក្បែរខ្លោងទ្វារច្រកចូលវត្តសំរោងអណ្ដែង ផ្លូវវត្តសំរោងអណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយសមត្ថកិច្ចបង្រ្កាបចាប់បាន៧ នាក់ ភ្លាមៗ ។
សាក្សីនិយាយថា មុនពេលកើតហេតុគេឃើញយុវជនមួយក្រុមមានគ្នា៧នាក់នោះ សុទ្ធសឹងជាមិត្តភក្តិនឹងគ្នាទេ ជិះម៉ូតូ៣គ្រឿងចេញពីហាងផឹកស៊ីយីហោចរណៃ ជិតវត្តសំរោងអណ្ដែត ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញអ្នកទាំងអស់នោះ ដោះខ្សែក្រវ៉ាត់វ៉ៃគ្នាពេញផ្លូវ បង្កភាពអនាធិបតេយ្យ ទើបប្រជាពលរដ្ឋនៅម្ដុំនោះបានទាក់ទងទៅកាន់នគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងរាជធានី ចុះមកធ្វើការបង្ក្រាបទាន់ពេលវេលា ហើយឃាត់បានមបុស្សចំនួន៧នាក់និងម៉ូតូ៣គ្រឿង និងនាំអ្នកទាំងអស់នោះយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។
សាក្សីបន្តថា ករណីនេះកើតឡើងដោយសារចេញលុយមិនស្មើគ្នា ខ្លះចេញច្រើន ខ្លះចេញតិច ទើបបង្កជម្លោះវាយគ្នាតែម្តង ៕ អូន ធួក
