រថយន្ដឡិចសុីស470បុកជាមួយម៉ូតូZoomerX បណ្ដាលអោយយុវជនពីរនាក់រងរបួសធ្ងន់

 
ភ្នំពេញ៖ បុរសជនជាតិបរទេសបីនាក់ស្រវឹងបើករថយន្ដឡិចសុីសមួយគ្រឿងបុកជាមួយម៉ូតូZoomerX ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលអោយយុវជនពីរនាក់រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែវិឆ្ឆកា ឆ្នាំ២០១៦ នៅចំណុចខាងមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដឡិចសុីស470មួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2I-5533 បើកបរដោយបុរសជនជាតិបរទេសម្នាក់និងរួមដំណើរជាមួយបុរសពីរនាក់ទៀតដែលជាជនជាតិបរទេសដូចគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏ជ្រុកបុកជាមួយម៉ូតូZoomerX ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2GA-7213 ជិះដោយយុវជនពីរនាក់ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលអោយយុវជនពីរនាក់ដែលជិះម៉ូតូរងរបួសធ្ងន់។
ក្រោយពីកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរថយន្ដត្រូវកម្លាំងនគរបាលធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕សិរសា

 

 

Leave a Reply

Your email address will not be published. Required fields are marked *