រថយន្តកុងតឺន័របុកម៉ូតូ២គ្រឿង មួយគ្រៀងឆេះម៉ត់ មួយគ្រឿងទៀតខូចខាតយ៉ាងដំណំ

ព្រះសីហនុ: រថយន្តកុងតឺន័រមួយគ្រឿងបាន បើកទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យមួយគ្រឿងឆេះ មនុស្ស៣នាក់រងរបួសធ្ងន់ និងមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ  ចំណែករថយន្តបង្ក បានប្រឡាប់ផ្ងារជើងនៅលើដងផ្លូវច្រងាងៗ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨-១៦៩ ភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តបង្កប្រភេទកុងតឺន័រ ម៉ាក STRE LING ក្បាលពណ៌ស្លែ សណ្តោងកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-7884 បើកបរដោយបុរសម្នាក់ ទិសដៅមកពីភ្នំពេញ លុះបានមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ២គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា រួមមានទី១ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L-2581 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូឆេះខូចស្ទើរទាំងស្រុង រីឯម៉ូតូទី២ ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1E-1582 រងរបួសធ្ងន់ដូចគ្នា បណ្តាលឲ្យជនរងគ្រោះ២ ត្រូវបានបងប្អូនដឹកទៅសង្គ្រោះទៅមន្ទីរពេទ្យវាលរេញ។ ដោយឡែករថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើងនៅលើដងផ្លូវ ហើយអ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *