

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់បានរត់មកកាន់ប៉ុស្តិ៍ចោមចៅសុំការអន្តាគមន៍បន្ទាន់យ៉ាងប្រញាប់ប្រញាល់។ បន្ទាប់ពីមានជនសង្ស័យលួចម៉ូតូទៅបាត់ខណៈដែលកំពុងធ្វើការនៅជាន់លើហើយបានទុកម៉ូតូនៅជាន់ទាល់ដី ចុះមកវិញមិនដឹងបាត់តាំងពីពេលណា។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០១៧ នៅការដ្ឋានសំណង់មួយកន្លែងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះមាសចាន់ធឿន ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិអូស្រងាំ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចបាត់នោះម៉ាកហុងដា សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FA 6781។
តាមសំដីរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូនៅខាងក្រោមថែមទាំងមានម៉ូតូ២គ្រឿងទៀតនៅជាមួយ។ ហើយបានឡើងទៅធ្វើការនៅជាន់ទី៣ ខណៈនោះរូបគាត់បានចុះមកមើលម៉ូតូស្រាប់តែបាត់ម៉ូតូខ្លួនដោយឡែកម៉ូតូផ្សេងទៀតនៅដដែល ទើបផ្អើលឆោឡោឡើងរត់ប្តឹងនគរបាលប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍។
តាមប្រភពពត៌មានពីបងស្រីម្នាក់ជាម្ចាស់ផ្ទះលក់ចាបហួយនៅខាងក្រោមបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកហើយបានមកយកម៉ូតូជនរងគ្រោះទៅដោយមិនចាប់អារម្មណ៍សូម្បីតែបន្តិចសោះ ក្រោយមកទើបដឹងជនរងគ្រោះផ្អើលឆោឡោឡើងថាបាត់ម៉ូតូ។
ក្រោយពីកើតហេតុនគរបាលមូលដ្ឋានសហការជាមួយនគរបាលខណ្ឌចុះទៅកន្លែងកើតហេតុធ្វើការសាកសួរព្រមទាំងស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យយកមកផន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់៕សារ៉េត