

ភ្នំពេញ៖បរុសម្នាក់អង្គុយរងចាំប្រពន្ធចេញពីធ្វើការត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់ដាក់ប្រអប់ជើងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:២០ នាទីយប់ថ្ងៃទី៩ខែមិនាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវ១៥៤ ខាងជើងផ្សារសូរិយ៉ាម៉ល់ក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេបានមកទទួលប្រពន្ធនៅខាងជើងផ្សារសូរិយ៉ាម៉លដែលជាកន្លែងកើតហេតុ។ខណៈនោះស្របពេលដែលរូបគេកំពុងចាំប្រពន្ធ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកស្ទុះមកកាប់រូបគេអោយរងរបួសហើយឡើងជិះម៉ូតូទៅបាត់។
តាមប្រភពព័ត៌មានពីអ្នករស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះនិងជនបង្កសុទ្ធសឹងជាមនុស្សស្គាល់គ្នាទេ ហើយមូលហេតុដែលបណ្តាលអោយមានករណីកាប់គ្នានេះកើតឡើងគឺដោយសារតែភាគីទាំង២ឈ្លោះប្រកែកគ្នារឿងថ្នាំញៀនតែប៉ុណ្ណោះទើបធ្វើឲ្យមានការកាប់ប្រហារគ្នាបែបនេះ។
ក្រោយពេលពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍ព្រមទាំងទំនាក់ទំនងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ។ចំណែកឯជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង៕សារ៉េត