ប្តីការប្រពន្ធថ្មីបង្ហោះរូបភាពតាមហ្វេសប៊ុក ទ្រាំលែងបានទៅប្តឹងសមត្ថកិច្ចឲ្យជួយដោះស្រាយ

0
171

ភ្នំពេញ៖ ដោយសារតែឈឺចិត្តនឹងប្តីកំហូចលែងបានស្រ្តីម្នាក់បានដឹកដៃកូនស្រី ទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យសុំឲ្យសមត្ថកិច្ចជួយ បន្ទាប់ពីប្តីចុះចោលហើយបានលួចលាក់ទៅរៀបការជាមួយប្រពន្ធថ្មីនៅឯខេត្តកំពង់ធំ។ មិនតែប៉ុណ្ណោះលោក ប្ដីបានបង្ហោះរូបជាមួយប្រពន្ធថ្មីបញ្ឈឺនាង ព្រមទាំងបានដេញវាយធ្វើបាបនាង និងបាននិយាយថា《ម៉ែអញលែងឲ្យយកនាងឯងទៀតហើយ》 ទើបនាងសម្រេចចិត្តទៅសាលាសង្កាត់សុំអោយអាជ្ញាធរជួយរកយុត្តិធម៌នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។

ស្រ្តីរូបនោះឈ្មោះ ចន ស៊្រាង អាយុ៣៧ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃ ព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិគក ឃុំថ្ម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកប្ដីនាងឈ្មោះ មាស ធីតា អាយុ៤២ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះ ជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង អ្នកទាំងពីរនាក់នោះ មានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ដែលពេលនេះនាងមានអាយុ៦ឆ្នាំហើយ។

ស្រ្តីខាងលើបានរៀរាប់ថា នាងនិងប្ដីបានរៀបការជាមួយគ្នាពេញច្បាប់ នៅក្នុងអំឡុងឆ្នាំ២០១០ ដែលមាន រយៈពេល៧ឆ្នាំមកហើយ ហើយក្រោយពេលរៀបការបាន៣ឆ្នាំ ប្ដីនាង បានលួចលាក់ទៅមានស្រីខាងក្រៅផ្ទះ ចាកចោលនាងទៅរស់នៅជាមួយស្រីថ្មីនោះតែម្ដង។ ប៉ុន្តែក្រោយពេលចុះចោលនាង រយៈពេល៧ទៅ៨ខែ ទើបប្ដីត្រឡប់ទៅរកនាងវិញ ហើយបានលួងលោមសុំរួមរស់ជាមួយគ្នាវិញ ។ ខណៈនោះលោកប្ដីបានសន្យាថា នឹងកែខ្លួនឈប់ក្បត់ចិត្តនាងទៀតហើយ ទើបនាងយកវិញ ប៉ុន្តែរយៈពេល២ឆ្នាំក្រោយមក លោកប្ដីក៏មាន ទំនាក់ទំនងជាមួយស្រីម្នាក់ទៀត ដែលជាប្រពន្ធគេ ហើយការទាក់ទងប្រពន្ធគេនោះ មានរយៈពេល ប្រហែល១ឆ្នាំ ត្រូវបានប្ដីគេដឹង គេក៏បានយកប្រពន្ធគេត្រឡប់ទៅវិញបាត់។ ចំណែកប្ដីនាងដែលជាមនុស្ស ញៀនស្រី មិនបានឈប់ត្រឹមនឹងទេ បានបន្តទៅទាក់ទងស្រីម្នាក់ទៅឈ្មោះ ស្រី ពៅពន្លក ដែលមាន ស្រុកកំណើតនៅខេត្តកំពង់ធំ និងបានឈានដល់ការរៀបការជាមួយគ្នា កាលពីប៉ុន្មានថ្ងៃមុននេះ ។ ពេលនោះនាងមិនបានដឹងនោះឡើយ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ទើបនាងបានដឹងតាមរយៈ មិត្តភក្ដិនាងដែលបានឃើញ ប្ដីនាងយករូបថតរៀបការប្រពន្ធក្រោយទៅបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកធ្វើឲ្យនាងទ្រាំលែងបានក៏ទៅសាលាសង្កាត់ចោមចៅជួយដោះស្រាយ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here