


ខេត្តកណ្តាល៖បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូយ៉ាងលឿនវ៉ារថយន្តជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:៣០នាទីល្ងាចថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ជនរងគ្រោះឈ្មោះភោគទ្រីភេទប្រុសអាយុ៦០ឆ្នាំ(ខ្មែរ)មុខរបរកសិករ មានទីលំនៅភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរម៉ូតូមួយគ្រឿង ម៉ាក Honda dream សេរី ២០១៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV.7239។ចំណែកឯអ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ដោយបើកបររថយន្តប្រភេទសណ្ដោងរឺម៉កពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ3C0818។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច(អ្នកលឿងទៅភ្នំពេញ)លុះពេលមកដល់កន្លែងកើតហេតុ បានវ៉ារថយន្តមួយគ្រឿងក្នុងទិសដៅស្របគ្នា ក៏បានទៅបុកជាមួយរថយន្តមួយគ្រឿងទៀតធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលអោយអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។បន្ទាប់មកអ្នកបើករថយន្តឃើញសភាពបែបដូច្នោះក៏បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរកសាច់ញាតិបងប្អូនជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យនៅឯគេហដ្ឋាន។ដោយឡែកម៉ូតូជនរងគ្រោះនិងរថយន្តត្រូវនគរបាលស្រុកកៀនស្វាយយកមករក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត