ភ្នំពេញៈទូATMដកលុយរបស់ធនាគារកាណាឌីយ៉ាមួយកន្លែងស្ថិតនៅមុខមន្ទីរពេទ្យកុមារជាតិតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញបានផ្ទុះលាន់កក្រើកកាលពីវេលាម៉ោង០០និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ដោយគេសង្ស័យជាជំហានដំបូងថាអាចមានមនុស្សមកលួចដាក់គ្រាប់បែកបំផ្ទុះ។
ពុំមានសាក្សីណាម្នាក់បញ្ជាក់ថា ករណីផ្ទុះទូATM នេះបណ្តាលមកពីលក្ខណៈបច្ចេកទេស ឬមានជន មិនស្គាល់មុខទៅគប់គ្រាប់បែកកម្ទេចក្នុងគោលបំណងបំផ្លាញដើម្បីផលប្រយោជន៍អ្វីមួយនោះទេ។ ប៉ុន្តែបើតាមសម្តីបុគ្គលិក សន្តិសុខមន្ទីរពេទ្យ បានឲ្យដឹងថា ខណៈដែលគាត់កំពុងដើរយាមកាមក្នុងមន្ទីរពេទ្យកុមារជាតិ ស្រាប់តែឮសំឡេងផ្ទុះនៅកន្លែងកើតហេតុខាងលើដូចគ្រាប់បែក។ពេលនោះមានអ្នកខ្លះស្មានតែរថយន្តបែកកង់ លុះពេលនាំគ្នាទៅមើល ស្រាប់តែឃើញម៉ាស៊ីន ATM ដកលុយរបស់ធនាគារកាណាឌីយ៉ាមានបែកបាក់កញ្ចក់ និងបំណែកដែកកម្ទេចកម្ទីប៉ើងចេញមកក្រៅខូចខាតស្ទើរទាំងស្រុង តែមិនទាន់បែកដល់កន្លែងដែលផ្ទុកលុយនោះទេ ។ ករណីនេះគេសង្ស័យជាការបំផ្ទុះគ្រាប់ បែក របស់ជនមិនស្គាល់មុខ បំណងមិនល្អអ្វីមួយ ។
យ៉ាងណាមានប្រភពមួយបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ បុគ្គលិករបស់ធនាគារកាណាឌីយ៉ា បានមកចាក់សោទូATM វាយលេខកូដសម្ងាត់ ចុចគន្លឹះសម្ងាត់ និងមានតែមសម្ងាត់ការពារសុវត្ថិភាពមួយទៀត ដែលមានរចនាសម្ព័ន្ធសន្តិសុខរក្សាការពារទ្រព្យសម្បត្តិអតិថិជនយ៉ាងល្អ ។បន្ទាប់មកសមត្ថកិច្ចបានឆែកតាមកាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យម្នាក់ ជាអ្នកយកគ្រាប់បែកកែច្នៃ យកទៅដាក់បំផ្ទុះប្លន់ទូAMT របស់ធនាគារកាណាឌយ៉ា នេះហើយកំពុងស្រាវជ្រាវជនសង្ស័យឈានទៅឃាត់ខ្លួនមកផ្តន្ទាទោស។
ប្រភពនោះបានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឃើញមានមនុស្សចូលទៅខាងក្នុងទូATM កាណាឌីយ៉ានៅរបងមន្ទីរពេទ្យកុមារជាតិ នៅម៉ោងជាង១២យប់រួចចាកចេញដើរឆ្លងផ្លូវសហព័ន្ធរុស្ស៊ីទៅរបងវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលហៅកាត់តិចណូវិញ ដោយយកសម្ភារ:ម្យ៉ាងទៅដាក់ខាងនោះ ហើយមិនបានប៉ុន្មានផងក៏មានការការផ្ទុះកើតឡើងតែម្តងទៅ ៕អូន ធួក