







ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលវ៉ារថយន្តមួយគ្រឿងទៀត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥:៣០នាទីព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៧ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១នៅចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង)គីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សូ ពុធ ភេទប្រុសអាយុ២២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិកំហែងរាជ ឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែង(ស្លាប់)និងអ្នករួមដំណើរឈ្មោះជៀវ ណាន់ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិ ឃុុំជាមួយគ្នា។ដោយបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខតាកែវ1B 7402។ចំណែកឯរថយន្តបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយបានបើករត់គេចខ្លួនបាត់។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេរថយន្តបង្កធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត(ភ្នំពេញទៅអ្នកលឿង)យ៉ាងលឿនបន្ថែមល្បឿនដើម្បីវ៉ារថយន្តនិងម៉ូតូដទៃទៀត។លុះមកដល់ចំណុចកន្លែងកើតហេតុក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់។បន្ទាប់មកអ្នកបើកបររថយន្តបង្កហេតុឃើញសភាពបែបដូច្នោះក៏បន្ថែមល្បឿនរត់គេចខ្លួនស្របពេលកម្លាំងនគរបាលមូលដ្ឋានចុះល្បាតឃើញក៏ដេញតាមចាប់យកមករក្សាទុករងចាំការដោះស្រាយគ្នា។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងរកសាច់ញាតិបងប្អូនជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាននៃសព៕សារ៉េត