CRV បុករះម៉ូតូផ្ញើនៅមុខគ្លីនិកអង្គរធំ១៦គ្រឿងនិងរថយន្តចតស្ងៀមមួយគ្រឿង

ភ្នំពេញ ៖ យ៉ាងហោចណាស់មានម៉ូតូដែលដាក់ផ្ញើនៅមុខមន្ទីរពេទ្យឯកជនចំនួន១៦គ្រឿងបានរងការខូចខាត និងរថយន្តមួយគ្រឿង ត្រូវក្រពិតមួយចំហៀងព្រមទាំងបុកបង្គោលភ្លើងមួយដើមបានទ្រេតរកកលនឹងដួល បន្ទាប់ពីបុរសជន​ជាតិចិនមិនស្គាល់ឈ្មោះម្នាក់ បើករថយន្តទាំងស្រវឹងស្រា រេពេញផ្លូវហើយជ្រុលទៅបុកទាំងកំរោល កាលពីវេលាម៉ោង ៣​នាទីយប់ឈានចូល ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខគ្លីនិក​អង្គរធំ ស្ថិតតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្ត​ CRV ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K 2095 បើកបរដោយបុរសជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់ ក្នុងស្ថានភាពស្រវឹង បើករេពេញផ្លូវដោយធ្វើដំណើរ តាមបណ្តោយផ្លូវកម្ពុជាក្រោម​ទិសដៅ ពីផ្សារធំថ្មីមកស្ពានអាកាស៧មករា ក្នុងល្បឿនលឿន។ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរថយន្ត នេះបានរេចង្កូតទៅបុករះម៉ូតូ ដែលគេដាក់ផ្ញើ នៅខាងមុខគ្លីនិកអង្គរធំ បណ្ដាលឲ្យម៉ូតូ​១៦គ្រឿង ត្រូវបានដួលគរលើគ្នា ​ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង ត្រូវបានរងការខូចខាតធ្ងន់ធ្ងរ និង៦គ្រឿងទៀត គ្រាន់តែដួលគរលើគ្នាតែប៉ុណ្ណោះ ។

ក្រោយមកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានី បានទៅដល់វាស់វែង យកយានយន្តខូចខាតទាំងអស់ទៅរក្សាទុកនៅការិយាល័យ និងឃាត់ខ្លួនជនចាតិចិន បើករថយន្តបង្ក ទៅដោះស្រាយតាមច្បាប់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *