

ភ្នំពេញ៖ នារីម្នាក់មកពីលេងផ្ទះជីដូនត្រូវជនសង្ស័យស្ទាក់វាយប្លន់យកម៉ូតូzoomerx ហើយជិះគេចខ្លួនបាត់ដោយសុវត្តិភាព។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ នៅផ្លូវបេតុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ។
ជនរងគ្រោះឈ្មោះ ម៉ាស្រីតាល់ ភេទស្រីអាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យវាយប្លន់នោះម៉ាកzoomerx ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1DO 3339. ។
តាមសម្តីរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូមកពីលេងផ្ទះជីដូននៅម្តុំផ្សារទួលទំពូង ខណៈមកដល់ចំណុចកើតហេតុជិតដល់ផ្ទះខ្លួនហើយស្រាប់តែមានជនសង្ស័យម្នាក់ដើរមកស្ទាក់ពីមុខធ្វើសកម្មភាពវាយមួយដៃបណ្តាលអោយធ្លាក់ពីលើម៉ូតូរួចក៏ដណ្តើមយកម៉ូតូជិះទៅបាត់គេចខ្លួនបាត់ដោយសុវត្តិភាព។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងបានត្រឹមតែដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាយកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់៕សារ៉េត