សមត្ថកិច្ចតាមចាប់ជនសង្ស័យឆក់កាបូបមានទូរស័ព្ទភ្ជាប់កម្មវិធី Find my Phone

ភ្នំពេញ ៖ ស្ត្រីរងគ្រោះដោយចោរឆក់កាបូបម្នាក់រួមនឹង  ក្រុមគ្រួសារសហការជាមួយនគរបាល​មូលដ្ឋាន បាន នាំគ្នាដេញតាមចោរឆក់កាបូបដល់ក្នុងផ្ទះខណៈ​ស្រ្តីរូបនេះទើបជិះរថយន្តត្រឡប់​មក​ពី​ភ្ជាប់ពាក្យ​បងប្អូន​ដល់ផ្ទះហើយកំពុង​ជញ្ជូន​អីវ៉ាន់​ចេញពី​រថយន្ត​ចូល​ផ្ទះ ត្រូវ​ចោរឆក់​កាបូប​យក​ទៅ​បាត់​។

ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២៧១E១ ផ្លូវ​លេខ​២៤៥ ភូមិ​១ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។ ប៉ុន្តែ​ដោយសារ​នៅ​ក្នុង​កាបូប​ដែល​ចោរឆក់​យក​ទៅ​នោះ មាន​ទូរស័ព្ទ​ទំនើបដែល​ភ្ជាប់​ប្រព័ន្ធ Find my Phone ក្រុមគ្រួសារស្រី្តរងគ្រោះនិង​សមត្ថកិច្ច​បានតាម​រក​ឃើញ​វិញ​នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ នា​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ដដែល ឯជនសង្ស័យបានគេចខ្លួនបាត់។

ស្ត្រី​ជា​ម្ចាស់​កាបូបត្រូវបានគេស្គាល់​ឈ្មោះ ឈួ​រ ឌី​ណា  អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅចំណុចកើតហេតុខាងលើ ​បានឲ្យដឹង​ថា មុន​ពេល​កើតហេតុរូបគាត់​ទើបនឹង​មក​ពី​កម្មវិធី​ភ្ជាប់ពាក្យ​ប្អូនថ្លៃ​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ហើយពេល​មក​ដល់​ផ្ទះ គាត់​និង​ស្វាមី​បាន​ចុះ​ពី​រថយន្តដើម្បី​ជ​ញ្ចូ​ន​អីវ៉ាន់​ពី​រថយន្ត​ដាក់ចូល​ទៅ​ក្នុងផ្ទះ ដោយ​មាន​ស្ពាយ​កាបូប​នៅ​នឹង​ស្មា​ខាងឆ្វេង​ផង ។ ខណៈ​កំពុង​ជ​ញ្ចូ​ន​អីវ៉ាន់​ក្បែរ​រថយន្តនោះ ស្រាប់តែ​មាន​ជន​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​សេ១២៥​មិន​ចាំ​ផ្លា​ក​លេខមួយមក​ឈប់​នៅ​ក្បែរគាត់ រួច​ស្ទុះទៅ​ឆក់​កាបូប​ពីស្មាគាត់​បណ្តាល​ឲ្យគាត់ដួល​រួចបាន​ជិះ​ម៉ូតូ​យក​កាបូប​គេចខ្លួន​បាត់​ស្រមោលតែម្តង ។

ស្រី្តរងគ្រោះបានបន្តថា នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​នោះ​មាន​លុយ​សរុប​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​៦Plus ចំនួន​៣​គ្រឿង ។ដោយសារ​ទូរស័ព្ទ​នៅ​ក្នុង​កាបូប​មាន​ភ្ជាប់​ប្រព័ន្ធ Find My iPhone ធ្វើឲ្យ​រូប​គាត់​និងប្តីព្រមទាំង​កូនប្រុស​នាំគ្នាតាម​ស្វែង​ដល់​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ទើបដឹងថាទូរស័ព្ទរបស់គាត់នៅទីនេះទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍ ។ លុះ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ដល់ចូល​ដល់ទីតាំង​ដែល​មាន​លោត​សញ្ញា​ដៅសម្គាល់ក៏ ​នាំ​គ្នា​ដើរ​រកក៏​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខដាក់ក្នុងផ្ទះនាំគ្នាស្ទាប​ម៉ាស៊ីនឃើញថា​នៅ​ក្តៅ​ៗនៅឡើយ ។បន្ទាប់មកសមត្ថកិច្ច​បាន​សួរ​រក​ម្ចាស់ ក៏​មាន​បុរស​ម្នាក់​អះអាង​ថា​ជា​ម៉ូតូ​របស់​ខ្លួន និង​ប្រាប់​ថា​រូបគេ​ទើបតែ​មក​ជួល​ផ្ទះ​នៅ​ទី​នេះ​បាន​១​ថ្ងៃប៉ុណ្ណោះ ​។ សមត្ថកិច្ច​បាន​សួរ​ទៀត​ថា តើ​ប្អូន​ឯង​ទើប​មកពីណា? ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​មក​ពី​ហូប​បង្អែម​នៅ​ម្តុំ​ត្រឡោក​បែករឹតតែ ធ្វើ​ឲ្យ​សមត្ថកិច្ច​ ក៏​សុំ​ចូល​ឆែកឆេរ​ក្នុង​បន្ទប់ ហើយ​ភ្លាម​នោះ​ជនសង្ស័យ​បាន​បន្លំ​ដើរ​ចេញ​រួច​រត់គេច​បាត់​ស្រមោលទៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈ​កំពុងឆែកឆេរ ក៏​បាន​រក​ឃើញ​កាត ATM​របស់​ស្ត្រី​ម្ចាស់​កាបូប​ជ្រុះ​នៅ​ក្រោម​គ្រែ​ទើប​ប្រាកដ​ច្បាស់ថាពិតជាម្ចាស់បន្ទប់នេះជាអ្នកប្រព្រឹត្តតែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។ បន្ទាប់​មកសមត្ថកិច្ចបាននាំ​គ្នា​វាយ​កម្ទេច​តុ​ឈើ​មួយ​នៅ​ក្នុង​បន្ទប់​នោះ​ស្រាប់តែរក​ឃើញមាន​លុយ​ខ្មែរ​ចំនួន​១​លាន​និង១០​ម៉ឺន​រៀល និង​ទូរស័ព្ទ​៦plus មួយ​គ្រឿង​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ Find my Phone ជាកម្មសិទ្ធិរបស់ជនរងគ្រោះនៅ​ក្នុង​កេស​តុ​នោះ រួម​នឹង​កាត ATM មួយ​ចំនួន​ផ្សេង​ទៀត​ច្រក​ក្នុង​ថង់​ខ្មៅ​ទុក​នៅ​មុខ​បន្ទប់ទៀតផង ​។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលមានភស្តុតាងដូច្នេះក៏សម្រេចយក​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​បន្សល់​ទុក យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​កា​កាប ដើម្បី​ចាត់ការតាមច្បាប់ និង​ឲ្យ​ម្ចាស់​កាបូប ដាក់​ពាក្យបណ្តឹង​ងាយស្រួល​សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *