




ព្រះសីហនុ៖បុរសជនជាតិចិន២នាក់ជិះរថយន្តមួយគ្រឿងស្រវឹងស្រាបើកទៅបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់សំរាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២:៣០នាទីយប់រំលងអាធ្រាត្រឈានថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតលើ វិថី ឯករាជ្យ មុខ ផ្សារទំនើប អូររ៉េន ភូមិ ២ សង្កាត់ លេខ ៤ ក្រុងព្រះសីហនុ។
ជនរងគ្រោះទាំងពីរនាក់មិនត្រូវបានគេស្គាល់ឈ្មោះនោះទេដោយ រថយន្ត ១គ្រឿង ម៉ាក TOYOTA ពណ៌ ខ្មៅ ពាក់ ស្លលេកខ ភ្នំពេញ 2BB-5858។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ជិះរថយន្តមួយគ្រឿងតាមបណ្ដោយមហាវិថីខាងលើក្នុងទិសដៅពីតោពីរមកផ្សារលើ លុះដល់ចំណុចកើតហេតុបាន ជ្រុល ចង្កូត បុក បង្គោល ភ្លើង បំភ្លឺ ផ្លូវ បណ្ដាល ឲ្យក្រឡាប់តែម្ដង ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខេត្តព្រះសីហនុបានអោយដឹងបន្ថែមទៀតថា គ្រោះថ្នាក់ នេះ បណ្ដាល ឲ្យ ស្លាប់ ជនជាតិចិន១នាក់ និង រងរបួស ធ្ងន់ ១នាក់ បាន បញ្ជូន ទៅ សង្គ្រោះ នៅ គ្លីនិកឯកជន ចាក់អង្រែ ក្រុងព្រះសីហនុ។ ចំណែកឯ មធ្យោបាយ រថយន្ត ១គ្រឿងត្រូវកម្លាំងនគរបាល បានស្ទូច យក មក រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយនូវពេលក្រោយ។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញតំកល់ទុករងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត