ភ្នំពេញៈ ពិតជារឿងមួយគួរឲ្យស្ញើប និងដូចគេថតកុន បន្ទាប់ពីគេឃើញរថយន្តម៉ាក BMW មួយគ្រឿងបើកបរ ដោយជនបរទេសទៅបុកម៉ូតូហុងដា សេ១២៥ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល រួចបើករថយន្តបើកគេចខ្លួនដល់ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រថយន្តឆ្លងចរន្តអគ្គិសនីឆាបឆេះម៉ាស៊ីនរថយន្តយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក BMW ពណ៌ស មួយគ្រឿងបើកបរដោយបុរសជនបរទេសម្នាក់ រួមដំណើរជាមួយនិងជនបរទេស២នាក់ទៀតជិះក្នុងរថយន្ត ដោយបើកខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុច ក្បែរក្លឹបកាហ្សាខាងជើងវត្តភ្នំ រថយន្តបង្កបានទៅបុក ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ដែលកំពុងជិះឌុបគ្នា ៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។
សាក្សីបន្តថា ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបើកគេច ទាំងធ្លាក់កាងខាងមុខ រហូតមកដល់ចំណុចលើស្ពានជ្រោយចង្វារ ក៏ស្រាប់តែរថយន្តបានរលត់ប៉េម៉ាស៊ីនទៅមុខលែងរួចហើយរថយន្តចាប់ផ្តើមឆ្លងចរន្ត ឆាបឆេះម៉ាស៊ីនរថយន្តទាំងស្រុង។ ឯជនបរែតស៣នាក់នោះគេចខ្លួនបាត់ភ្លាមមួយរំពេច។
បន្ទាប់មកបងប្អូនប្រជាពលរដ្ឋ រួមនិងកងកម្លាំងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានមកបាញ់ពន្លត់ជាស្ថាពរ តែរថយន្តខូចខាតទាំងស្រុងទៅហើយ ៕ អូន ធួក
