អ្នកដឹកនាំកម្មវិធីConcertស្រាបៀរកម្ពុជាតាមខេត្ត បើករថយន្តបុករបាំងថ្ម

ភ្នំពេញ: យុវជនម្នាក់ស្រវឹងស្រាបើករថយន្ដវីស្តូមួយគ្រឿង ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញ បណ្ដាលឲ្យរថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច ហើយបានអួតខ្លួនថាជាអ្នកដឹកនាំកម្មវិធីConcertស្រាបៀរកម្ពុជាតាមបណ្ដាខេត្ត និងស្គាល់តារាល្បីៗជាច្រើននាក់ទៀតផង។

ឧប្បត្តុហេតុនេះបានកើតឡើងនៅវេលាម៉ោង១២ និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្តុបទួលទំពូង តាមបណ្ដោយមហាវិថីម៉ៅសេទុង កែងនឹងផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក វីស្តូរ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2894 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចភ្លើងស្តុបមិនបន្ថយល្បឿន ក៏ជ្រុលបុករបាំងថ្មចែកទ្រូងខូចខាតតិចតួច តែរថយន្ដបែកកង់និងដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេង បន្តដំណើរទៅមុខលែងរួច។

យុវជនដែលជាអ្នកបើករថយន្ដបាននិយាយទាំងសភាពស្រវឹងស្រាថា រូបគាត់ទើបតែចេញមកពីផឹកស៊ីជាមួយមិត្តភក្តិនៅម្ដុំបឹងត្របែក ហើយពេលផឹកចប់ ក៏បើករថយន្ដត្រឡប់ទៅផ្ទះនៅម្ដុំសំណង់១២ តែពេលមកកន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង។

ប្រភពដដែលបានបន្តថា រូបគាត់គឺជាអ្នកដឹកនាំកម្មវិធីConcertស្រាបៀរកម្ពុជាតាមបណ្ដាខេត្ត និងស្គាល់តារាល្បីៗជាច្រើន បើកចង់ទាក់ទងគឺទាក់ទងទៅចុះ។

យ៉ាងណាក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ហើយឃាត់អ្នកបើករថយន្ដបង្កនិងបានទំនាក់ទំនងទៅកម្លាំងជំនាញ ចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្ក ទៅកាន់​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដោះស្រាយតាមផ្លូវច្បាប់៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *