






ភ្នំពេញ៖ បន្ទាប់ពីធ្វើការតាមដានស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនឃាតកបាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ នាំខ្លួនជនសង្ស័យដែលជាឃាតក ចាប់ជំរិតទារប្រាក់ និងសម្លាប់ជនជាតិចិន ទៅធ្វើត្រាប់អំពីសកមុ្មភាពដែលបានប្រព្រឹត្ត នៅផ្ទះសំណាក់ «តារាថ្នល់កោង» ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ មុនបញ្ជូនឃាតករូបនេះទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា អំពើចាប់ជំរិតទារប្រាក់ រួចសម្លាប់បុរសជនជាតិចិនម្នាក់ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយយកសពជនរងគ្រោះ ទៅទម្លាក់ចូលនៅក្នុងទឹកទន្លេត្រង់ស្ពានអ្នកលឿង ខេត្តកណ្តាលកាលពី១០ថ្ងៃមុននោះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ កម្លាំងនគរបាលពាក់ព័ន្ធបានបើកការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ការបង្ក្រាប និងចាប់បានជនដៃដល់ និងបក្ខពួកជាជនជាតិ ចិន-ខ្មែរ ចំនួន២នាក់ ដល់ខេត្តព្រះសីហនុ។ចំពោះឃាតកម្មតាមរូបភាពចាប់ជំរិតទារប្រាក់ រួចសម្លាប់ចោលនេះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះសំណាក់ «តារាថ្នល់កោង» ក្នុងបុរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់មកជនល្មើសទាំង២នាក់ បានដឹកសពជនរងគ្រោះតាមរថយន្ត បើករកទីតាំងទម្លាក់ចោល លុះដល់ស្ពានអ្នកលឿង ក្នុងទឹកដីខេត្តកណ្តាល ក៏សម្រេចបោះចោលសព ជនរងគ្រោះចូលទឹកតែម្តង។
សម្រាប់ប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួន ជនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ (ម្ចាស់ករណី) កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ សហការជាមួយកម្លាំងនគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរបាលខេត្តក្រចេះ កម្លាំងនគរបាលខេត្តព្រៃវែង និងចុងក្រោយ ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលក្រោមការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញារាជធានី-ខេត្តទាំងនោះផងដែរ។
តាមប្រភពព័ត៌មានអធិការលោក យឹម សារ៉ាន់ ដែលបានដឹកនាំកម្លាំងចូលរួមប្រតិបត្តិការតាមចាប់ជនសង្ស័យទាំង២នាក់ ក្នុងនាមជាម្ចាស់ករណី នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះថា ជនសង្ស័យទាំង២នាក់ ម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិខ្មែរ ត្រូវបានចាប់ខ្លួននៅវេលាម៉ោងជាង១០ព្រឹកមិញ នៅខេត្តព្រះសីហនុ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «បន្ទាប់ពីករណីនេះភ្លាម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងរបស់យើងសហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ទាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ នគរបាលខេត្តក្រចេះ នគរបាលខេត្តព្រៃវែង និងកម្លាំងនគរបាលរបស់ខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បើកការស្រាវជ្រាវ រហូតតាមទៅចាប់ខ្លួនបានតែម្តងនៅព្រឹកមិញ ក្នុងខេត្តព្រះសីហនុ ទីកន្លែងដែលពួកគេបានលាក់ខ្លួនបន្ទាប់ពីប្រព្រឹត្តសកម្មភាពរួច។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះLUO FENG អាយុ៣៥ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E10490014 បានហៅជនដៃដល់ជាជនជាតិចិនដូចគ្នាមានឈ្មោះ GAO KEYAN អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E62599696 មកហូបបាយជាមួយ ដោយយល់ថា ជនសង្ស័យធ្លាប់ធ្វើការនៅក្នុងហាងរបស់ខ្លួន ក្នុងខេត្តព្រះសីហនុ នាពេលកន្លងមកម្យ៉ាងទៀត ខ្លួនរៀបទៅស្រុកកំណើតផង។នៅពេលជនសង្ស័យ មកដល់ស្រាប់តែកើតគំនិត ជាមួយបក្ខពួកត្រូវជាសាច់ថ្លៃមានឈ្មោះ ម៉ុង ចំរើន អាយុ២១ឆ្នាំ ជនជាតិខ្មែរ បានចាប់ជំរិតជនរងគ្រោះ នៅផ្ទះសំណាក់ «ថ្នល់កោង» រហូតសម្លាប់ជនរងគ្រោះតែម្តង នៅពេលសុំលុយមិនបាន។
លោកអធិការខណ្ឌពោធិ៍សែនជ័យ បានបន្តទៀតថា បន្ទាប់ពីសម្លាប់ហើយ ជនសង្ស័យបានដឹកជនរងគ្រោះតាមរថយន្ត ឆ្ពោះទៅតាមខេត្តមួយចំនួន លុះដល់ស្ពានអ្នកលឿង ខាងទឹកដីខេត្តកណ្តាល វេលាម៉ោងប្រមាណ១២យប់ ហើយចំពេលស្ពានដាច់ភ្លើងផងនោះ ក៏សម្រេចទម្លាក់សពជនរងគ្រោះ ចូលទៅក្នុងទឹកតែម្តង។
តាមចម្លើយសារភាពជនសង្ស័យទាំង២នាក់បាននិយាយថា ខ្លួនបានចាប់ជនរងគ្រោះក្នុងបំណងជំរិតទារប្រាក់ តែដោយជនរងគ្រោះបដិសេធ មិនព្រមប្រគល់ប្រាក់ ឲ្យតាមការទាមទារ ពួកគេក៏បានសម្រេចសម្លាប់ជនរងគ្រោះ ហើយបានដឹកសាកសពតាមរថយន្តយកទៅទម្លាក់ចោលក្នុងទន្លេពីលើស្ពានអ្នកលឿង រួចក៏គេចខ្លួនមកខេត្តព្រះសីហនុតែម្តង។
បច្ចុប្បន្ននេះជនសង្ស័យទាំងពីរនាក់ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយស្នងការរាជធានីភ្នំពេញព្រមទាំងក្រសួងមហាផ្ទៃកំពុងដឹកនាំយកទៅធ្វើត្រាប់៕សារ៉េត