




ភ្នំពេញ៖ ជនសង្ស័យដែលជាឃាតកសម្លាប់នារីវ័យ១៧ឆ្នាំស្លាប់យ៉ាងអាណោចអាធម៌កាលពីវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយបានយកទូរស័ព្ទ និងគ្រឿងអលង្ការ ហើយរត់គេចខ្លួនបាត់ស្រមោល។
តាមប្រសាសន៍របស់លោក សិទ្ធ ថាវុធ អធិការខណ្ឌជ្រោយចង្វារបានប្រាប់ឲ្យដឹងថា បន្ទាប់ពីករណីប្លន់យកទ្រព្យសម្បត្តិពីនារីវ័យក្មេងភ្លាមៗ កម្លាំងនគរបាលខណ្ឌ និងសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមប្រម៉ាញ់។រហូតឃាត់ខ្លួនជនសង្ស័យដែលជាឃាតកបាន ព្រមទាំងដកហូតបានទូរស័ព្ទដៃ មួយគ្រឿងវិញ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះបងប្អូនរបស់ជនសង្ស័យ ដែលស្ថិតក្នុងភូមិរំចេក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។
លោក បានបន្តទៀតថា ក្រោយពីកើតមានករណីឃាតកម្ម ដោយប្រើក្រម៉ារឹតកសម្លាប់នារីវ័យក្មេងព្រមទាំងយកគ្រឿងអលង្ការ និងទូរស័ព្ទ ហើយរត់គេចខ្លួន។ ក្រោយមកនគរបាលជំនាញបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រួមនិងកម្លាំងនគរបាលការិយាល័យបច្ចេកទេសចក្ខុកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា ជាករណីឃាតកម្ម ខណៈដែលជនសង្ស័យជាឃាតកបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ក៏បានរត់គេចខ្លួនទៅផ្ទះបងប្អូននៅឯខេត្តកំពង់ឆ្នាំង ហើយសមត្ថកិច្ចបានបើកប្រតិបត្តិការស៉ើបអង្កេត និងកំណត់បាននូវមុខសញ្ញាឃាតក ហើយក៏តាមប្រម៉ាញ់រហូតចាប់ខ្លួនបាននៅឯខេត្តកំពង់ឆ្នាំងតែម្ដង។
លោក បានបញ្ជាក់ថា ជនសង្ស័យជាឃាតកដែលត្រូវចាប់ខ្លួនឈ្មោះ យ៉ុង ឧត្តម «ហៅទន្សាយ» ភេទប្រុស អាយុ ១៧ឆ្នាំ មានមុខរបរ កម្មករសុីឈ្នួលដឹកគោ ស្នាក់នៅក្បែរផ្ទះជនរងគ្រោះ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ាន ស្រីមុំ អាយុ ១៧ឆ្នាំ មានមុខរបរ សិស្ស ស្នាក់នៅជាមួយឪពុកឈ្មោះ ទូ ល័សមាន និងមានម្ដាយឈ្មោះ ជីត ម៉ ជាជនជាតិ ខ្មែរឥស្លាម មានមុខរបរ លក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្រុម៦ ភូមិដើគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងត្រូវកម្លាំងនគរបាលនាំទៅឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការរាជធានីដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕សិរសា