

រាជធានីភ្នំពេញ៖ ជនសង្ស័យជាចោរឆក់ម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួន ខណៈដែលជនសង្ស័យរូបនោះនិងបក្សពួកធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសមិនបានសំរេច។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១.២០នាទីយប់ ថ្ងៃទី៣ខែឧសភាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៥១ ផ្សាតាប៉ាង ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី៣ខណ្ឌដូនពេញ ។
តាមចំលើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា មុនពេលកើតហេតុ រូបគេនិងបក្សពួកម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ឌុបគ្នាមកពីដើរលេង ដោយជិះតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ពេលធ្វើដំណើរមកដល់ចំនុចកើតហេតុ ក៏ប្រទះឃើញជនបរទេសមួយក្រុមមានប្រុស-ស្រី កំពុងដើរចុចទូរស័ព្ទ រូបគេក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនបរទេសនោះតែម្តងទៅ ។ ភ្លាមៗនោះត្រូវបានជនបរទេសដឹងខ្លនក៏ចាប់ទាញរូបគេដែលអង្គុយពីក្រោយបណ្តាលអោយធ្លាក់ ហើយត្រូវបងប្អូននៅម្តុំនោះព្រួតវាយរងរបួសធ្ងន់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យធ្វើការសាកសួរនាំនៅប៉ុស្តិ៍ផ្សារថ្មីទី៣ ។ ចំណែកជនរងគ្រោះវិញមិនបានមកដាក់ពាក្យបណ្តឹងទេ ព្រោះថាពួកគេអត់មានបាត់បង់របស់របរអ្វីទេ។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត