

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងឡើងស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងជ្រុលចង្កូតបុកបង្កាន់ដៃស្ពានបណ្ដាលអោយដួលបោកក្បាលរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីមC125 សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FV-7053 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងឡើងស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿនហើយមិនបន្ថយល្បឿនត្រង់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតបុកជាមួយបង្កាន់ដៃស្ពានបណ្ដាលអោយដួលបោកក្បាលរងរបួសធ្ងន់។
ក្រោយពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅរថយន្ដសង្គ្រោះបន្ទាន់អោយមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ រងចាំសាច់ញាត្តិយកឯកសារគ្រប់គ្រាន់ទើបប្រគល់អោយទៅវិញ៕ សិរសា