វ៉ាគេឯងទៅបុករថយន្ដមួយគ្រឿងទៀតបើកបញ្ច្រាសទិសគ្នាបណ្ដាលក្រឡាប់ផ្ងាជើងហើយជ្រុល​ចង្កូត​ទៅម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ពីរនាក់

 

 

 

 

 

ភ្នំពេញ៖ ​រថយន្ដLEXUS មួយ​គ្រឿង​បាន​បើកបរវ៉ាជែងគេឯង ជ្រុលចង្កូតទៅបុកចំពីមុខរថយន្តSIENNA ដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបបណ្ដាលឲ្យរថយន្តបង្កក្រឡាប់​ផ្ងារ​ជើង​ឡើងលើនិងបានទៅប៉ះ​ជាមួយរថយន្ត​និងម៉ូតូផ្សេងទៀត បណ្ដាលឲ្យរង​ការ​ខូច​ខាត និង​ធ្វើ​ឲ្យ​ប្ដីប្រពន្ឋ​២​នាក់​រង​របួស​ធ្ងន់ផងដែរ។ហេតុការណ៍​នេះ​ដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៧ ​ខែ​ឧសភា​ ឆ្នាំ​២០១៧​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុងភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុនិងឃើញហេតុការណ៍ខាងលើនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តSIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z. 5731 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តបង្កម៉ាកLEXUS RX300 ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ2T.9910 បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាជាមួយរថយន្តរងគ្រោះ ហើយបើកក្នុងល្បឿនលឿនរួមទាំងវ៉ាជែងគេឯងទៀត បណ្ដាលឲ្យឆ្លងចូលផ្លូវរបស់រថយន្តរងគ្រោះ បានបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តLEXUS ក្រឡាប់ផ្ងារជើង ទៅប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះឌុបគ្នាដោយប្ដីប្រពន្ឋ២នាក់បង្កឲ្យរងរបួសធ្ងន់ទាំង២ រួមទាំងប៉ះជាមួយរថយន្តមួយគ្រឿងទៀតដែលចតទុកចោលនៅចញ្ចើមផ្លូវដោយម្ចាស់ចូលញុំការ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួច ។
ក្រោយពេលកើតហេតុ ប្ដីប្រពន្ឋពីរនាក់ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ដោយឡែកម្ចាស់រថយន្តបង្កនិងម្ចាស់រថយន្តរងគ្រោះខាងលើ គឺមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ហើយក្រោយពីកើតហេតុនោះ ភាគីខាងរថយន្តរងគ្រោះដែលបានខូចខាតបន្ទិចបន្ទួចនោះ គឺបានបើករថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុបាត់ដោយមិនទាមទារសំណងអ្វីនោះទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះចរាចរណ៍នៅកន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីររួមទាំងម៉ូតូផងនោះ យកទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕​សិរសា​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *