ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីចាប់ឃាត់ខ្លួន ខណៈដែលក្រុមទាំងនេះឃើញជនរងគ្រោះទុកកាបូបលុយនៅក្នុងរថយន្ត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនសង្ស័យត្រូវគេស្គាល់ឈ្មោះ លន់ ខេមរៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ចំណែកឯជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ឹម សុធា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើករថយន្តរបស់ខ្លួនចេញពីផ្ទះ ក្នុងគោលបំណងទៅទិញគ្រឿងសំណង់នៅម្តុំផ្សារដីហ៊ុយ ពេលនោះខ្លួនបានទិញគ្រឿងសំណង់។បន្ទាប់មកបានបើករថយន្តរបស់ខ្លួនមកយករូបថតនៅហាងពេញចិត្ត ពេលមកដល់ហាងថតរូបបានចុះពីលើ រថយន្តរបស់ខ្លួនទៅយករូបថតនៅហាងពេញចិត្ត ដោយមិនពន្លត់ម៉ាស៊ីនរថយន្តឡើយ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពបើកទ្វាររថយន្តរបស់ខ្លួន លួចយកកាបូបប្រាក់ និងទូរសព្ទ័ដៃនៅក្នុងរថយន្តភ្លាមៗនោះខ្លួនឃើញបានស្រែកថាចោរៗ ហើយកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីយាមគោលដៅ កែងផ្សារដីហ៊ុយឃើញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មីព្រមទាំងដកហូតកាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ មានលុយចំនួន ១០០០ដុល្លា ទូរសព្ទ័ដៃអាយហ្វូន ចំនួន០២ គ្រឿង និងទូរសព្ទ័ណូគាចំនួន០១គ្រឿងទៀតផង។ ចំណែកបក្សពួកជនសង្ស័យចំនួន ០១នាក់ទៀតបានជិះម៉ូតូគេចខ្លួន ។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ សារ៉េត