

ភ្នំពេញ៖បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជ្រុះមួកពីលើក្បាលធ្លាក់ទៅដីអោនចុះរើសត្រូវបាច់ដែកធ្លាក់សង្កត់លើក្បាលបណ្តាលឲ្យបាត់បង់ជីវិត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:០០នាទីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧ស្ថិតនៅឃ្លាំងស្តុបដែករបស់ក្រុមហ៊ុនសំណង់ស៊ីណូ ទីតាំងដីឡូត៏គ្មានលេខផ្លូវបេតុងក្រុមទី៧៨ភូមិទី១៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចក់.ចយ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ ខ្លុង ឃុំទួលព្រិចស្រុកអង្គស្នួលខេត្តកណ្ដាល។បច្ចុប្បន្នស្នាក់នៅរោងកម្មករ ផ្លូវសបិតក្រុមទី៧៨ភូមិទី១៤សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះឈរលើគំនរដែកដែលមានកំពស់១១ជាន់ (កំពស់២,២០ម៉ែត្រ) ក្នុង១ជាន់មាន០៦បាច់តែម្នាក់ឯងដើម្បីទាក់បាច់ដែកអោយឡានស្ទូងលើចល័ត ពេលលើកបានបាច់ទី០៥ជាន់ទី១១មកដាក់កន្លែងផ្សេង ស្រាប់តែជនរងគ្រោះធ្លាក់មួកទៅដីក្បែររបងថ្ម រួចក៏ចុះរើសមួកដែក០១បាច់ដែលនៅសល់រមៀលធ្លាក់សង្កត់បណ្តាលអោយស្លាប់។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ។
តាមប្រភពពត៌មានពីនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ដែកសង្កត់ពីលើមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលមូលដ្ឋានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិបងប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត