មកពីជក់ថ្នាំញៀនចូលផ្ទះរកបាយហូប ឪពុកស្តីឲ្យតិចតួចទាញកាំបិតចាក់របួសម្តាយចុង

 

ភ្នំពេញ៖ ដោយយសារឥទ្ឋិពលគ្រឿងញៀនធ្វើឲ្យបុរសម្នាក់បែក​ថ្នាំលែងស្គាល់សិល​ធម៌ដឹងគុណម៉ែឪបាន​យក​កាំបិតចុងស្រួចចាក់ម្ដាយចុងមួយកាំបិតរងរបួសធ្ងន់ តែ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យចាប់យកមកសួរនាំកាលពីវេលាម៉ោង​១១និង១០នាទីព្រឹក ថ្ងៃទ១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនបង្កមានឈ្មោះ ជិន វិឆៃ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ភូមិកើតហេតុខាងលើ ។រីឯស្រ្តីជាម្តាយចុងដែលរងរបួសមានឈ្មោះ សួន ស ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ មានប្តីឈ្មោះ ចាន់ ហេង អាយុ ៥៩ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅជាមួយគ្នា ។​

តាមប្រភពព័ត៌មាន ពី​ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង១១​យប់ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០១៧ ជនបង្កជាកូនប្រពន្ធមុនរបស់ប្តី​និងត្រូវជាកូនចុងរបស់គាត់ មិនដឹងថាមកផឹកស៊ីនៅកន្លែងណាទេ តែសង្ស័យថាមកពីជក់ថ្នាំញៀន ព្រោះរាល់ថ្ងៃនេះមិនគិតជួយរកស៊ីឪពុកម្តាយទេ ​បានមកផ្ទះគាត់​រកហូបបាយហើយ​ពេលនោះឪពុក(ប្តី)បាននិយាយថា ស្មើនេះហើយឯងទើបមកពីណា បានជាទើបមករកបាយស៊ី មិនគិតដេកពួនទេអី ?

គ្រាន់តែឪពុកនិយាយប៉ុណ្ណឹងសោះកូនចុងខឹង ហើយស្រែកឡូឡាផ្អើលដល់​អ្នកជិតខាង។មិនតែប៉ុណ្ណោះកូនចុង បានស្ទុះទៅរកវ៉ៃឪពុក តែត្រូវបានគាត់ និងប្អូនជួយឃាត់ ហើយជននេះមិនស្ដាប់ទេ ថែមទាំងស្ទុះទៅយកកូនកាំបិតចុងស្រួច ទៅចាក់ត្រូវចំដៃខាង​ស្ដាំ​រងបួសធ្ងន់តែម្តង ។បន្ទាប់មកត្រូវបានក្រុមគ្រួសារដឹកគាត់យកទៅ​សង្រ្គោះនៅមន្ទីរពេទ្យ​ឯកជន ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។ លុះដល់ម៉ោងកើតហេតុខាងលើ គាត់បានទៅដាក់ពាក្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យឃាត់ខ្លួនតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពី​ទទួលបានពាក្យបណ្តឹង ពី​ស្រ្តីរងគ្រោះ លោក ឯម ភារី នាយប៉ុស្តិ៍ស្ដីទី បានដឹកនាំកម្លាំងចុះទៅចាប់ជនសង្ស័យបានយកមកសួរនាំនៅប៉ុស្តិ៍​ស្ទឹងមានជ័យហើយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាព​ថា រូបគេពិត​ជាបាន​ចាក់ទៅ​លើម្ដាយចុងមែន តែរូបគេគ្មានបំណងចាក់ម្ដាយចុងទេ គឺចាក់ឪពុកគេទេ ព្រោះតែខឹងឪពុកស្ដីឲ្យរូបគេខ្លាំងពេក។
​បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅអធិការ​ដ្ឋាននគរបាលខណ្ខមានជ័យដើម្បីចាត់ការតាមច្បាប់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *