




ភ្នំពេញ៖ យ៉ាងហោចណាស់ !បុរសម្នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀតរងរបួសធ្ងន់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូពៀរអ្នកដើរកាន់កញ្ចក់ឆ្លងផ្លូវ បណ្តាលអោយឌួលម៉ូតូបោកនឹងបង្គោលភ្លើងស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ហេតុការណ៍នេះបង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង១៥នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះខាងលើជិះម៉ូតូម៉ាក ស៊ូយសូគីឡែក ពណ៌ទឹងប្រាក់ ពាក់ស្លាកលេខភ្នំពេញ1DG,9181បើកបរក្នុងទិសដៅពីកើតទៅលិច ជិះគ្នា៣នាក់ ស្លាប់១របួសធ្ងន់២នាក់។
ជនរងគ្រោះទី១-ស្លាប់ ឈ្មោះទៀង ចាន់ណារុន អាយុ១៧ឆ្នាំមុខរបរសិស្សស្នាក់នៅបុរីសន្តិភាព២ សង្កាត់ពង់ទឹកខណ្ឌដង្កោ ។មានភូមិកំណើត នៅភូមិព្រះស្រែក្រោម ឃុំវិហាលួង ក្រុងសួង ខេត្តត្បូងឃ្មំ នឹងជនរងគ្រោះរបួសធ្ងន់២នាក់ដោយមិនបានប្រាប់ឈ្មោះ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញបុរសម្នាក់កាន់កញ្ចក់ដើរឆ្លងផ្លូវពីត្បូងទៅជើង។លុះដើរជិតផុតស្រាប់តែឃើញជនរងគ្រោះបើកម៉ូតូយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច ហើយបានបើកពារកញ្ចក់បណ្តាលអោយឌួលហើយ ខ្ទាតទៅបោកនឹងបង្គោលភ្លើងពេញទំហឹងហើយបែកមួកសុវត្ថភាព និងបែកថ្កាម ឈាមហូរតាមត្រជៀកស្លាប់នៅកន្លែងកើតហេតុតែម្តង។ចំណែកឯអ្នកជិះម៉ូតូពីក្រោយ២នាក់ទៀត ឌួលបោកនឹងឃឿនទ្រូងផ្លូវ បណ្តាលអោយរងរបួសធ្ងន់។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលឌួលភ្លាមៗភាគីដែលដើរឆ្លងផ្លូវខាងលើដោយរងរបួសស្រាលបានដើរគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុគេឃើញនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅស្នងការក្រុងរងចាំការដោះស្រាយនូវពេលក្រោយ។ដោយឡែកជនរងគ្រោះត្រូវកម្លាំងនគរបាលហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ។ចំណែកឯសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត