ព្រោះតែក្ររត់មកសម្រាលកូនក្នុងមន្ទីរពេទ្យ គ្រូពេទ្យមិនយកចិត្តទុកដាក់ស្លាប់ទាំងម្តាយនិងកូនក្នុងពោះ

ភ្នំពេញ ៖ ពិតជាគួរឲ្យខ្លោចផ្សារនិងសង្វេគដល់គ្រួសារក្រីក្រមួយនេះណាស់ ព្រោះតែគ្មាន​លុយកាក់ សម្បូរហូរហៀរទៅសម្រាលកូននៅមន្ទីរពេទ្យទំនើបដូចគេ សុខចិត្តទៅ​សម្រាលកូននៅនៅក្នុង​មជ្ឈមណ្ឌល គាំពារមាតានិងទារក ហៅមន្ទីរពេទ្យជប៉ុន ព្រោះអស់លុយតិច ដឹងអីថាការថាំលុយនេះធ្វើឲ្យស្រ្តីជាកម្មការិនី កាត់ដេរម្នាក់ សម្រាលកូនទី៣ បែរជាគ្រូពេទ្យមិនយកចិត្តទុកដាក់ បណ្តោយឱ្យស្លាប់ទាំងម្តាយ ទាំងកូនក្នុងពោះពេលមិនទាន់បានសម្រាលផង។

ភាពខ្លោចផ្សានិងគួរឲ្យសង្វេគនេះបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង ​៧យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នុង​មជ្ឈមណ្ឌល គាំពារមាតានិងទារក ហៅមន្ទីរពេទ្យជប៉ុន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ គ្រាដែលឪពុក ស្វាមី និងកូនតូចពីរនាក់ស្រែក ទ្រហោរយំយ៉ាងទ្រហឹងក្នុងមន្ទីរពេទ្យ  ។

ស្រ្តីរងគ្រោះ ដែលស្លាប់ពេលសម្រាលកូន មានឈ្មោះ ឈៀ សារិន អាយុ ៣០ឆ្នាំ ​មុខរបរជាកម្មការីនីរោងចក្រ ស្នាក់នៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំនែកឯប្តីមានឈ្មោះ ជូ ភារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ​មុខរបរជាសមាជិកសហជីព ស្នាក់នៅជាមួយប្រពន្ធ និងមានកូនពីរនាក់ក្នុងបន្ទុក រួមទាំងកូនក្នុងពោះដែលស្លាប់ជាមួយម្តាយផងសរុប៣នាក់។

ឪពុក និងប្តីរបស់ស្រី្តរងគ្រោះរៀបរាប់ទាំងទឹកភ្នែកថា ប្រពន្ធរបស់គាត់ មានកូនប្រុស២នាក់ រួចមកហើយ ដែលកូនប្រុសបង អាយុ១០ឆ្នាំ និងកូនប្រុសប្អូនអាយុ​ ៦ឆ្នាំ ហើយបានពពោះកំណើតកូនទី៣ បានទៅពិនិត្យឃើញថា ជាកូនស្រីម្នាក់ទៀត ។កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៧ ប្រពន្ធរបស់គាត់ ឈឺពោះសម្រាលកូន ហើយនៅវេលាម៉ោង​១០ព្រឹក ថ្ងៃនោះគាត់​បានដឹកប្រពន្ធទៅ​ពិនិត្យផ្ទៃពោះ ដើម្បីសម្រាលកូន នៅមជ្ឈមណ្ឌលជាតិ​គាំពារ​មាតានិងទារក ហៅ ពេទ្យជប៉ុន ពីព្រោះគាត់មានប័ណ្ណ ស.ស.ប ។ បន្ទាប់ពីគ្រូពេទ្យ ពិនិត្យផ្ទៃពោះ នៅថ្ងៃទី២៧ ខែឧសភា ហើយ បានប្រាប់ថា ជិតដល់ពេលសម្រាលកូនហើយក៏បានឱ្យសម្រាកនៅមន្ទីរពេទ្យនេះ ដើម្បីតាមដាន ហើយរូបគាត់ និងប្រពន្ធ បានសម្រាកនៅក្នុងមន្ទីរពេទ្យ បានមួយយប់។ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែ ឧសភា ស្រាប់តែប្រពន្ធរបស់គាត់ ចាប់ផ្តើមឈឺពោះខ្លាំងគាត់ក៏បានទៅប្រាប់ គ្រូពេទ្យ ​ហើយគ្រូពេទ្យបានយកទៅពិនិត្យ ហើយប្រាប់គាត់វិញថា ជិតដល់ពេលសម្រាលកូនហើយទើប ភ្លាមៗនោះ គាត់បានទូរស័ព្ទប្រាប់ឪពុកថា ប្រពន្ធឈឺពោះសម្រាលកូនហើយ ។

ចំណែកប្រពន្ធរបស់គាត់ ត្រូវបានគ្រូពេទ្យ រុញដាក់លើប្រង់កា យកចូលទៅក្នុង បន្ទប់សម្រាល​កូន ដែលនៅក្នុង បន្ទប់សម្រាលកូន​នោះ មានពេទ្យឆ្មបស្រី៤ទៅ៥នាក់ ដែលជាក្មេងៗសង្ស័យថា ជាគ្រូពេទ្យស្តារ ជាអ្នកចាំបង្កើតកូន​របស់គាត់។ ម្យ៉ាងទៀតនៅក្នុងបន្ទប់នោះ មិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់បង្កើតកូនទេ ទើបធ្វើឲ្យ គ្រូពេទ្យ​បន្តិច រត់ទៅយកនេះ រត់ទៅយកនោះ និងមានគ្រូពេទ្យ​ពាក់ស្រោមដៃ​ លូកបង្កើតកូន​ទេ បង្កឲ្យប្រពន្ធរបស់គាត់បែកទឹកភ្លោះ ហូរឈាមចេញមករួចក៏ដាច់ខ្យល់ស្លាប់ ទាំងម្តាយទាំងកូនដែលមិនទាន់សម្រាលផង ។

 

បុរសខាងលើបានបន្តទៀតថា បន្ទាប់ពីឃើញ ប្រពន្ធរបស់គាត់ស្លាប់ ទាំងមិនទាន់បាន សម្រាលកូនផងនោះ ក្រុមគ្រូពេទ្យ ដែលជាអ្នកសម្រាលកូន របស់គាត់នោះ បាននាំគ្នា គេចខ្លួនបាត់អស់ មិនមានគ្រូពេទ្យណាម្នាក់ ចេញមុខមកបកស្រាយ ប្រាប់ពួកគាត់ ដែលជាសាច់ញាតិ ជនរងគ្រោះទេ។ទាំងនេះសង្ស័យពួកគេយល់ថាគ្រួសារគាត់ក្រីក្រ គ្មានលុយគ្មានអំណាចតទល់ជាមួយពួកគេ ទើបមិនយកចិត្តទុកដាក់ទុករហូតធ្វើឲ្យប្រពន្ធ​ជាទីស្រឡាញស្លាប់ទាំងវេទនាបែបនេះ។

បុរសជាប្តី និងសាច់ញាតិស្រ្តីរងគ្រោះ បានអំពាវនាវ ដល់ក្រសួងសុខាភិបាល មេត្តាជួយរកយុត្តិធម៌ ដល់គ្រួសារពួកគាត់ផង កុំឱ្យអ្នកក្រ ស្លាប់ដូចខ្មោចសត្វធាតុ បែបនេះបន្តទៀត ។
​ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិបងប្អូន រួមទាំងប្តីបានដឹកសព យកទៅធ្វើបុណ្យនៅស្រុកកំណើត ទៅតាមប្រពៃណី ទាំងមិនអស់ចិត្តនិងមានភាពសោកសង្រេងក្រៃលែង  ៕ ប្រាថ្នា

Leave a Reply

Your email address will not be published. Required fields are marked *