រថយន្តកូរ៉េបុកម៉ូតូរបួសធ្ងន់ម្នាក់នៅសង្កាត់ទួលស្វាយព្រៃ២

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ ខណ:កំពុងជិះម៉ូតូ ហើយត្រូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរថយន្តកូរ៉េមួយគ្រឿងបានបើកទៅបុកកាលពីវេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខហាង យូរ៉ា ដេក័រ តាមបណ្តោយផ្លូវ​លេខ២០៥កែងផ្លូវលេខ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

តាមសាក្សីឃើញឧប្បត្តិហេតុនេះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជន​រង​គ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ1FV- 0959 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣២៨ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈមកដល់ចំណុចកែងនិងផ្លូវលេខ205 ស្រាប់តែមានរថយន្តកូរ៉េចំណុះ ១.៥ តោន ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2M -4011 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអូស​ជាង​២០ម៉ែត្រធ្វើឲ្យបុរសជិះម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅកៀប​ជាប់និងបង្គោលភ្លើងទៅមុខលែងរួច។

ប្រភពដដែលបានឲ្យដឹងទៀតថា មួយសន្ទុះស្រាប់តែមានស្ត្រីម្នាក់មកអះអាងថា រថ​យន្តខាងលើគឺជាកម្មសិទ្ធរបស់គាត់ដោយរូបគាត់បានជួលឲ្យតៃកុងម្នាក់ដឹកបន្លែមកពីស្រុកកៀនស្វាយដើម្បីយកមកលក់នៅផ្សារដើមគ ខណ:មកដល់ ហើយពេលមកដល់ផ្សារដើមគ​ដាក់បន្លែពីរថយន្តរួច អ្នកបើកបររូបនេះបានសុំថាសុំទៅផ្ទះមួយភ្លែត ពេលនោះគាត់ក៏ឲ្យយក​ទៅក្រោយមកស្រាប់តែឮដំណឹងថារថយន្តគាត់បានបើកបុកគេធ្វើឲ្យរូបគាត់ហួសចិត្តខ្លាំងណាស់។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុហើយត្រូវសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *