

ភ្នំពេញ៖បុរសស្ត្រីពីរនាក់ស្រលាញ់រួមរស់ជាមួយគ្នារហូតដល់មានផ្ទៃពោះ៧ខែ តែខាងប្រុសរត់ចោល ពេលស្ត្រីរងគ្រោះឃើញជនសង្ស័យសុំលុយដើម្បីឆ្លងទន្លេ។ ប៉ុន្តែជននោះមិនអោយត្រូវស្ត្រីរងគ្រោះជេប្រមាថធ្វើអោយជនសង្ស័យទប់ចិត្តមិនបានវាយពីរទៅបីដៃទាន់ពីរជើងបណ្ដាលឲ្យរងរបួសរលាត់ដៃជើងហើមមុខ។ ស្របពេលកម្លាំងនគរបាលចុះមកអន្តរាគមន៍ត្រូវជនសង្ស័យក្របួចកអាវជ្រុះឡេវអាវ៣គ្រាប់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០:៤០នាទីយប់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅបន្ទប់ជួល ភូមិក្រាំងដូនទៃសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វិនស្រីនាង អាយុ២៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ចំណែកឯបុរសជាជនសង្ស័យឈ្មោះ ឃួន វិឆ្ឆិការ អាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះនិងជនសង្ស័យស្រលាញ់គ្នាយូរមកហើយ ថែមទាំងមានកូនជាមួយគ្នាទៀតផង។ក្រោយមកជនសង្ស័យបានចាកចេញពីនាងដោយទុកឲ្យនូវម្នាក់ឯង ពេលនោះស្ត្រីរងគ្រោះឃើញជនសង្ស័យក៏ទៅសុំលុយដើម្បីឆ្លងទន្លេ តែជនសង្ស័យមិនឲ្យធ្វើអោយជនរងគ្រោះជេប្រមាថមើលងាយ រហូតដល់ជនសង្ស័យវាយតប់ហើមមុខរលាត់ដៃជើងទើបអ្នកជិតខាងជួយឃាត់។រួចជនរងគ្រោះរត់ទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍ ប៉ុន្តែពេលមកដល់ស្រាប់តែជនសង្ស័យក្របួចកអាវកម្លាំងនគរបាលប៉ុស្ដិ៍ម្នាក់ជ្រុះឡេវអាវ៣គ្រាប់ក៏ហៅកម្លាំងបន្ថែមទៀតទើបចាប់ឃាត់ខ្លួនបាន។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត