ប្តីតាមទាន់ប្រពន្ធយកសហាយមកដេកក្នុងបន្ទប់ប្តឹងទារ៦ពាន់ដុល្លារប្រពន្ធមានតែ២០០ដុល្លារ

0
190

 

ភ្នំពេញ: បុរសម្នាក់បានតាមទាន់ស្ត្រីជាប្រពន្ធផិតក្បត់ទៅលួចមានសហាយស្មន់​ជាមួយនឹង​បុរសផ្សេងទៀតក៏បានចាក់សោទ្វារបន្ទប់ជាប់ពីខាងក្រៅដើម្បីឲ្យសមត្ថកិច្ចចាប់ប្រពន្ធនិង សហាយចាត់ការតាម​ច្បាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរូបនេះមានឈ្មោះ ហោ គន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវ ប្តីឈ្មោះ អែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករ ជាមនុស្សពិការជើងឆ្វេង ស្នាក់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកានចោទថាមានសហាយជាមួយបុរស ឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីបានឲ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធខាងលើអស់រយ:ពេល៨ឆ្នាំហើយ ដោយមានចំនួន៣នាក់ តែស្លាប់២នាក់ នៅសល់តែកូនប្រុសម្នាក់ បច្ចុប្បន្នរស់នៅឯស្រុក​កំណើត ។ លុះមកដល់ឆ្នាំ២០១៥ ពួកគាត់បានរស់នៅដាច់ដោយឡែកពីគ្នា ដោយប្រពន្ធ​បានសុំគាត់មកធ្វើការងាររោងចក្រនៅឯភ្នំពេញ ចំណែកគាត់ជាប្តី បាននៅមើលថែកូននៅ​ឯស្រុក។ ការរស់នៅបែកគ្នាយ៉ាងនេះធ្វើឲ្យប្រពន្ធមានភាពសោះអង្គើយដាក់គាត់ មានការមិន​ចុះសម្រុងនឹងគ្នា រហូតប្រពន្ធរករឿងសុំលែងលះគ្នាច្រើនលើក តែគាត់មិនព្រមក៏ចេះតែអូសបន្លាយជាច្រើនឆ្នាំ ។

បុរសរូបនេះបានបន្តទៀតថា ក្រោយមក ប្រពន្ធគាត់បានក្បត់ចិត្តគាត់ហើយត្រូវបែកធ្លាយ បន្ទាប់ពីប្អូនថ្លៃដែលមានបន្ទប់ជួលក្បែរនឹងបន្ទប់ប្រពន្ធបានដឹងថា ប្រពន្ធគាត់ហៅ​ប្រុស​មកដេកដល់បន្ទប់ជួល។ ពេលឮដំណឹងនេះគាត់ហួសចិត្ត ត្បិតខ្លួនពិការជើង ត្រូវប្រពន្ធ​ផិតក្បត់ទៀត ក៏ជួលរថយន្តមករកប្រពន្ធនៅភ្នំពេញ បានឃើញជាក់ស្តែងឈឺចាប់ពេក គាត់ក៏ចាក់សោទ្វារ ពីក្រៅ ហើយប្តឹងសមត្ថកិច្ចសុំឲ្យជួយយកអ្នកទាំងពីរចាត់ការតាមច្បាប់ ព្រោះគាត់ជាប្តីពេញច្បាប់រៀបការត្រឹមត្រូវ ។

ចំណែកស្ត្រីជាប្រពន្ធវិញាបាននិយាយថា ខ្លួនរស់នៅមិនចុះសម្រុងគ្នារយ:ពេល២​ឆ្នាំ​ហើយ ការរស់នៅដោយឡែកពីគ្នាគាត់ហៅប្តីឲ្យចូលខ្លួនសុំការលែងលះតែប្តីមិន​ព្រមផ្តិតមេ​ដៃទេ​ដូច្នេះគាត់មិនអាចនៅទំនេរគ្មានគូប្រចាំជីវិតច្រើនឆ្នាំយ៉ាងនេះទេ ។

ចំពោះស្នេហាថ្មីគឺគាត់បានទំនាក់ទំនងស្នេហាជាមួយបុរសទី២ជាបុរសពោះម៉ាយមានកូនប្រុស២នាក់ ប្រពន្ធលែងអស់រយ:ពេលជាង៤ឆ្នាំមកហើយ។ស្នេហាថ្មីនេះគឺផ្តើម​ចេញពីលេងហ្វេសប៊ុក ឆាតលេងឆ្លងឆ្លើយស្រលាញ់​គ្នាដូចប្តីប្រពន្ធ​ហើយម្យ៉ាងដោយគិតថា អ្នកស្នាក់នៅតាមបន្ទប់ជួលក្បែរបន្ទប់ជួលរបស់គាត់ចាកចេញ​ទៅស្រុកបោះឆ្នោតអស់អស់ ទើបខ្លួនហៅប្រុសស្នេហ៍មកដេកលេងតែត្រូវប្តីមកទាន់ស្រែកថា​គាត់មានសហាយតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះភាគីខាងប្តីដើមទាមទារយកលុយជាង៦ពាន់ដុល្លារជាថ្នូរនឹងប្រគល់ប្រពន្ធទៅឲ្យបុរសថ្មី តែខាងប្រពន្ធគ្មានលុយប្រគល់ឲ្យប្តីក៏ដោះគ្រឿងអលង្ការ​អស់ពី​ខ្លួនគិតជាលុយសរុប ជាង២០០ដុល្លារប៉ុណ្ណោះ។ ទីបំផុតនគរបាលបានត្រឹមកសាងសំណុំ​រឿងបញ្ជូន​ទៅអធិការដ្ឋាននគរខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕ ក្រពុំ

LEAVE A REPLY

Please enter your comment!
Please enter your name here