ជនជាតិជប៉ុនវ័យ៨៤ឆ្នាំដេក​ស្លាប់ក្នុងចំណតផ្ញើរថយន្តសណ្ឋាគារ “ផ្កាឈូកទិព្វ”


ភ្នំពេញៈ បុរសជនជាតិជប៉ុនមានវ័យ៨៤ឆ្នាំម្នាក់ ត្រូវបាន​គេ ប្រទះឃើញដេកស្លាប់រឹង​ខ្លួននៅ​ក្នុងចំណតផ្ញើរថយន្តសណ្ឋាគារផ្កាឈូកទិព្វ ស្ថិតនៅដីឡូដ៍លេខ៣២ ផ្លូវ៣៣៦ ក្រុម៤ ភូមិ១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង៤និង២០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧មិនដឹងតាំងពីពេលណា ។

បុគ្គលិកសន្តិសុខយាមចំណតផ្ញើរថយន្តម៉ូតូនៃសណ្ឋាគារផ្កាឈូកទិព្វម្នាក់ បានឲ្យដឹងថា ជនជាតិជប៉ុន ដែលស្លាប់ខាងលើនេះមានអាយុ៨៤ឆ្នាំ កាន់លិខិតឆ្លងដែនជប៉ុនលេខ MK3930003 បានមកស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ​ប្រមាណ៥​ទៅ៦ខែកន្លងមកហើយ ដោយក្នុងនោះ ម្ចាស់សណ្ឋាគារឃើញអាណិតព្រោះឃើញ​គ្មានញាតិ​មិត្តនឹងគេក៏បានឲ្យ​គាត់មកស្នាក់បណ្តោះអាសន្ននៅកន្លែងចំណតផ្ញើរថយន្តម៉ូតូរង់ចាំបង​ប្អូនមកទទួលវិញ ។នៅមុនពេលកើតហេតុ២ទៅ៣ថ្ងៃនេះ ជនរងគ្រោះបានត្អូញ​ត្អែរប្រាប់​ក្រុមសន្តិសុខថា គាត់មានសភាពមិនស្រួលហើយចេះតែដេកនៅលើប៉ៅអ៊ីមិនព្រមហូបចុក និងដណ្តប់ភួយគ្របមុខជិតជារៀងរាល់ថ្ងៃគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ។ លុះមកដល់ថ្ងៃកើតហេតុគេមិនឃើញក្រោក និងកម្រើ​កដៃជើងបន្តិចសោះក្រុមសន្តិសុខក៏នាំគ្នាចោមរោមមើលនិងទៅដាសើអង្រួនឲ្យក្រោក ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ គឺមិនដឹងស្លាប់តាំងពីពេលណាទេ ទើបនាំគ្នា រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យសព។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គរហើយសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្ក​ល់ទុកនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រងចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យ​តាមប្រពៃណី ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *