អាជ្ញាធរខេត្តស្ទឹងត្រែងបានអំពាវនាវជាថ្មីម្តងទៀតឲ្យ​ប្រ​ជា​នេសាទ​គោរពច្បាប់ជលផលដើម្បីអភិរក្សពូជត្រីសំខាន់ៗនៅរដូវបិតនេសាទ

 

 

 

 

 

ស្ទឹងត្រែង៖ រដូវបិទនេសាទចាប់ពីថ្ងៃទី០១មិថុនានេះតទៅ អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែងបានអំពាវនាវជាថ្មីម្តងទៀតសុំឲ្យប្រជានេសាទបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់និងនាំគ្នាគោរពច្បាប់ជលផល នៅក្នុងរដូវបិទនេ សាទនេះ ដើម្បីរួមគ្នាអភិរក្សពូជត្រីសំខាន់ៗឲ្យមានសម្បូរបែបឡើងវិញ។

លោក​សិទ្ធគឹមតែង​ ជា​ចៅសង្កាត់ព្រះបាទក្រុងខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈ នៅភូមិសាស្ត្រទន្លេមេគង្គលើក្នុងខេត្តនេះជាសម្បុកបន្តពូជរបស់ពពួកត្រីគ្រប់យ៉ាងដោយសារនៅតំបន់នោះសម្បូរទៅដោយព្រៃឈើលិចទឹក និងអន្លងអភិរក្សជាច្រើនទៀត។

លោកបន្ថែមថា៖បញ្ហាអភិរក្សធនធាន មច្ឆាជាតិជាតួនាទីរបស់ប្រជាអ្នកនេសាទទាំងអស់គ្នាបើអនុវត្តឲ្យមានប្រសិទ្ធភាព ​គឺបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទទាំងឡាយណាដែលច្បាប់ហាមឃាត់ទើបអាចធ្វើឲ្យពូជត្រី​សំខាន់ៗសម្បូរបែបឡើងវិញបាន ពីដើមជំនន់មុនៗមកគឺត្រីយើងសម្បូរនៅតាមដងទន្លេមេគង្គលើយើងនេះតែបច្ចុប្បន្ននេះឃើញថាមច្ឆាជាតិយើងមានការធ្លាក់ចុះដោយសារទី១ការនេសាទរបស់ប្រជាពលរដ្ឋយើងមូយចំនួនឧបក​រណ៍នេសាទហ្នឹងខុសច្បាប់ដូចជាការឆក់អីជាដើម ហើយទីពីមកទៀតគឺពេលរដូវត្រីពងនេះគឺយើងមិនបានបិទការនេសាទនេះបានល្អទេធ្វើឲ្យប៉ះពាល់ដល់ការបង្កើតមច្ឆាជាតិរបស់យើង។

លោកលៀង សេងប្រធានមន្ទីរកសិកម្មខេត្ត​បានអះអាងថា៖នៅទន្លេមេគង្គលើយើងនេះពិតជាមានពូជត្រីសំខាន់ច្រើនមែន ហើយសកម្មភាពទប់ស្កាត់និងអភិរក្ស ក្រុមការងារបានផ្សព្វផ្សាយច្បាប់ជលផលជារៀងរាល់ឆ្នាំដើម្បីឲ្យប្រជាអ្នកនេសាទ​​បានយល់ច្បាប់ស្តីពី​កាល​បរិច្ឆេទបិទនេសាទ និងឲ្យពួកគាត់ចូលរួមថែរក្សាពូជត្រី។

លោកប្រធានមន្ទីរបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងចាប់បិទការនេសាទ​ចាប់ពីថ្ងៃទី០១ឧសភាមកម្លេះ ​​តែដោយសារប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងយើងនេះ៧០%ពឹងផ្អែកទៅលើផលរបបនេសាទទើបអាជ្ញាធរពាក់ពន្ធ័បានអនុគ្រោះអូសបន្លាយមកនោះ ហើយក្នុងពេលនេះឯកឧត្ត​អភិបាលខេត្ត​បានចេញសេចក្តីណែនាំបិទការធ្វើនេសាទនេះហើយតាមរយៈភ្នាក់ងារកសិកម្មយើងដែលមានសេនាធិការជាមន្ត្រីជលផលយើងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមដងទន្លេហ្នឹងបើយើងនាំគ្នានេសាទនៅក្នុងរដូវបិទនេះគឺយើងបានសម្លាប់វាទាំងកូនទាំងពងអីបានន័យថាយើងនិងលែងបានហូបត្រីដ៍ឆ្ងាញ់ៗនេះទៀតហើយ។

លោក ហែម ជាអ្នកប្រមូលទិញត្រីលក់បន្ត​នៅខេត្តស្ទឹងត្រែងបានបញ្ជាក់ថាៈ ឆ្នាំនេះទឹកនៅមានកំរិតទាបត្រីគ្រប់ប្រភេទហាក់ដូចជាខ្សត់ជាងឆ្នាំមុនៗហើយសមនិងរដូវបិទនេសាទផងប្រជាពលរដ្ឋមិនសូវហ៊ានធ្វើនេសាទយកត្រីមកលក់នោះទេ​​​។

លោកទទួលស្គាល់ថា៖ប្រសិនជានៅរដូវបិទនេសាទប្រជានេសាទនាំគ្នាគោរពបានទាំងអស់គ្នាមិនប្រើឧបករណ៍ច្បាប់ហាមឃាត់នោះ១ឆ្នាំឬ២ឆ្នាំប៉ុណ្ណោះត្រីគ្រប់ប្រភេទនិងសម្បូរបែបឡើងវិញមិនដូចសព្វថ្ងៃប្រជាពលរដ្ឋយើងបរិភោគត្រីចិញ្ចឹមច្រើនជាងត្រីធម្មជាតិទៅហើយ។

សូមបញ្ជាក់ថា៖ពូជត្រីសំខាន់ៗដែលរងទៅនឹងការផុតពូជនោះរួមមាន៖ត្រីត្រសក់- ត្រីអំបូង-ត្រីត្រចៀកដំរី- ត្រីរាជ- ត្រីនាគ- ត្រីរមាស- ត្រីឆ្មាក្រពើ- ត្រីកន្ត្រប់ខ្លា- ត្រីគល់រាំង- ត្រីគៀតស្រង- ត្រីក្បក- និងត្រីច្លុក ជាដើម​៕​ សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *