ប្រពន្ធជិះម៉ូតូជាមួយប្រុសផ្សេង ប្តីឃើញបើករថយន្តបំបុករបួសធ្ងន់ បាក់ទ្វាររបងផ្ទះWing

ភ្នំពេញ ៖ បុរសម្នាក់ឃើញប្រពន្ធវ័យក្មេងស្រស់ស្អាតម្នាក់បានជិះម៉ូតូជាមួយ​បុរសផ្សេងទាំង កណ្តាលអធ្រាត្រ បានជួបនៅពាក់កណ្តាលផ្លូវ កើតមានភ្លើងប្រចណ្ឌ​រាប់រយអង្សាទ្រាំ លែងបានក៏បើករថយន្តបំបុកបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ ហើយរថយន្ត​បានរេចង្កូតបន្ដទៅបុក របងទ្វារផ្ទះ Wing បណ្ដាលឲ្យបាក់រងការ ខូចខាតស្ទើរទាំងស្រុង ផ្អើលទាំងកណ្តាលយប់។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១ និង ៤០ នាទីយប់​ឈានចូលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះ Wing សុបញ្ញា តាមបណ្ដោយផ្លូវ ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រជាពលរដ្ឋដែលឃើញ ហេតុការណ៍នោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសនារី ២ នាក់មានវ័យជាង២០ឆ្នាំបានជិះម៉ូតូ ហុងដាឌ្រីមសេ ១២៥ មិនចាំស្លាកលេខ ពណ៌ខ្មៅមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧៣ ពីលិចទៅកើត។ ខណៈមកដល់​ចំណុចកើតហេតុក៏មានបុរសម្នាក់វ័យស្របាលគ្នានឹងបុរសបើកម៉ូតូបានបើករថយន្ដកាមរីបាឡែន ពណ៌ស្ករ ពាក់ ស្លាកលេខ ភ្នំពេញ 2AG -7863 ធ្វើដំណើរ ស្របគ្នា ក៏បានបុកពីក្រោយ ម៉ូតូបណ្ដាលឲ្យនាងជាប្រពន្ធរងរបួសធ្ងន់ហើយរថយន្តមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុករបងទ្វារផ្ទះWing បណ្ដាលឲ្យបាក់រងការខូចខាតស្ទើរទាំងស្រុងតែម្តង ។ ករណីនេះធ្វើឲ្យស្រ្តី​ជាប្រពន្ធ​របស់អ្នក​បើកបររថយន្តរលាត់ដៃនិងជង្គង់រងរបួសធ្ងន់គួរសមត្រូវបានអ្នកជិតខាង ហៅរ៉ឺម៉កម៉ូតូដឹកទៅមន្ទីរពេទ្យ គ្រាដែលប្តីកំពុងមានកំហឹងដោយភ្លើងប្រចណ្ឌ។ចំណែកបុរស​ដែលជិះម៉ូតូឌុបប្រពន្ធរបស់គេនោះបានរងរបួសស្រាល រួចក៏ប្រញាប់ប្រញាល់​លើកម៉ូតូជិះ​រត់គេចខ្លួនបាត់ស្រមោលទៅ។

លោក ហម គា នាយនគរបាលប៉ុស្តិ៍បឹងកក់១ បានប្រាប់នគរវត្តតាមទូរស័ព្ទថា ពិតជាម ានហេតុការណ៍នេះកើតឡើងនៅចំណុចខាងលើប្រាកដមែន។ នៅពេលដែលកម្លាំងរបស់​លោក​ទៅដល់ ភាគីបង្កទាំង៣នាក់បានចាកចេញពីកន្លែងកើតហេតុអស់ហើយដោយ​បន្សល់​រថយន្តបង្កនៅកន្លែងកើតហេតុត្រូវបានកម្លាំងនគរបាលចរាចរ យកទៅរក្សាទុក នៅអធិការ​ដ្ឋាន​នគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយជាមួយម្ចាស់ផ្ទះវីង ដែលទាមទារ សំណង៣០០ដុល្លារ។

លោក ហម គា បញ្ជាក់ថា ក្នុងករណីនេះលោកមិនដឹងថាកើតឡើងដោយសារ​អ្វីនោះ​ទេ តែបើតាមការបំភ្លឺពីអ្នកឃើញហេតុការណ៍ប្រាប់លោកថា កើតឡើងដោយសារភាគីបុរស បើករថយន្តប្រចណ្ឌសង្សារជិះ ម៉ូតូជាមួយបុរសផ្សេង ទើបបុរសនេះបើករថយន្តបំបុក៕         អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *