

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនដូចហោះមិនប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងក្បែរចញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់ពេលដឹកដល់មន្ទីរពេទ្យកាល់ម៉ែត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣:០០នាទីយប់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅត្រង់ចំណុចលើផ្លូវលេខ២៨៩កែងផ្លូវ៥២៨សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ស្គាល់ឈ្មោះជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1GG 6696ធ្វើដំណើរតាមផ្លវ២៩១ពីត្បូងមកជើង។លុះមកដល់ក្រោយសាលាបឋមសិក្សាទួលគោកក៏បុកនឹងផ្លាកសញ្ញាបណ្តាលអោយរងរបួសធ្ងន់សល់តែដង្ហើមចង្រិត។បន្ទាប់មកមានរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាលតែសំណាងអាក្រក់បានបាត់បង់ជីវិតតាមផ្លូវទៅហើយ។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះមកកន្លែងកើតហេតុវាស់វែងព្រមទាំងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការក្រុងរងចាំការដោះស្រាយនៅពេលក្រោយ។ដោយឡែកសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត