


រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅខាងស្តាំដោយសារតែត្រូវរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៉ីនទ្រីបើកបុក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩:៤០នាទីយប់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ១៨២កែង២៦១ក្នុងសង្កាត់ទឹកល្អកទី២ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ស្មាសវីពណ៌ខ្មៅពាក់ស្លាកលេខAU-3281តែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ក្នុងទឹសដៅពីត្បូងទៅជើង ពេលមកដល់ត្រង់ចំណុចផ្លូវបំបែក១៨២ក៏ត្រូវរថយន្តស៉ីនទ្រីដែលបើកក្នុងទឹសដៅពីកើតទៅលិចបុកចំពេញទំហឹងបណ្តាលអោយជនរងគ្រោះដួលរងរបួសបាក់ភ្លៅ ។ ភ្លាមៗនោះអ្នកបើករថយន្តប្រមូលសំរាមបានចុះរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពដដែលបន្តទៀតថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែការធ្វេសប្រហែសចំនុចផ្លូវបំបែកមិនមានការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំតំណាងទាំង២ចូលខ្លួនដោះស្រាយ ។ចំណែកជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ៕សិរសា