កំពង់ស្ពឺៈ កាលពីយប់មិញនៅខេត្តកំពង់ស្មានអ្នកទោស៥នាក់ ដែលមានទោសឧក្រិដ្ឋបានហែកគុករត់រួចទៀតហើយ ខណៈមន្រ្តីយាមកាមមិនដិតដល់។
បើតាមមន្រ្តីពន្ធនាគារមួយរូបបានប្រាប់ថា អ្នកទោស៥នាក់ ដែលមានកម្រិតទោសធ្ងន់ធ្ងរ កាលពីយប់មិញ បានហែកគុករត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោក សុន សំណាង អ្នកយាមទ្វារពន្ធនាគារ បានប្រាប់ ថា អ្នកយកព័ត៌មាន មិនអាចដឹងរឿងផ្ទៃក្នុងពន្ធនាគារខេត្តកំពង់ស្ពឺឡើយ បន្ទាប់មកលោកក៏បានរារាំងអ្នកសារព័ត៌មានមិនឲ្យយកព័ត)មាននេះ ។ ការឆ្លើយតបបែបនេះ ខណៈដែលអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាពមុខពន្ធនាគារ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ២០ មិថុនា។
ប្រធានពន្ធនាគារ ខេត្តកំពង់ស្ពឺ លោក កាក់ សវ៉ុន នៅព្រឹកថ្ងៃទី២០ មិថុនា ២០១៧នេះ បានប្រាប់ ថា ពិតជាមានអ្នកទោសហែកគុករត់រួច៥នាក់មែនកាលពីយប់មិញមែន គឺ នៅចន្លោះម៉ោង២-៣យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ មិថុនាដោយធ្វើសកម្មភាពគាស់ពិដានដំបូល បន្ទាប់មកក៏លូនរត់ចេញតែម្តង។
ប្រធានពន្ធនាគាររូបនេះបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ច និងតុលាការកំពុងតាមចាប់ខ្លួនពួកគេមកវិញ ទី១ ឈ្មោះ កែវ ឯម ភេទប្រុស អាយុ៤៧ឆ្នាំ ឃុំខ្លួនពីបទប្លន់។ ទី២ ឈ្មោះ ឃុន សុខភឿន ភេទប្រុស អាយុ៣១ឆ្នាំ ឃុំខ្លួនពីបទជួញដូរគ្រឿងញៀន។ ទី៣ ឈ្មោះ ស៊ុម ម៉ូច ភេទប្រុស អាយុ៣២ឆ្នាំ ឃុំខ្លួនពីបទមនុស្សឃាត។ ទី៤ ឈ្មោះ រុន រ៉ានី ភេទប្រុស អាយុ២២ឆ្នាំ ឃុំខ្លួនពីបទជួញដូរគ្រឿងញៀន និងទី៥ ឈ្មោះ ឡុង ប៊ុនណាត ភេទប្រុស អាយុ៣០ឆ្នាំ ឃុំខ្លួនពីបទជួញដូរគ្រឿងញៀន ៕ ប្រសើរ
