រកឃើញសាកសពជនរងគ្រោះដែលរអិលជើងធ្លាក់ចូលជ្រោះពោធិ៍ពេញហើយ

ពោធិ៍សាត់ៈ សាកសពជនរងគ្រោះដែលរអិលជើងធ្លាក់ចូលជ្រោះពោធិ៍ពេញ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ មានទឹកហូរគួចខ្លាំង និងមានជម្រៅជាង១០ម៉ែត្រ បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានរុករកឃើញមកវិញហើយ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូជាមួយមិត្តភ័ក្តមួយក្រុមពីរាជធានីភ្នំពេញ មកលេងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង នៅខេត្តពោធិ៍សាត់ ហើយបានរអិលជើងធ្លាក់ទឹកជ្រោះបាត់ខ្លួនកាលពីថ្ងៃម្សិលមិញ។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ វរសេនីយ៍ត្រីប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ងួន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នមានទីលំសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានរុករកឃើញនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចទឹកជ្រោះចម្ងាយពីកន្លែងកើតហេតុប្រមាណ២០០ម៉ែត្រ។

បន្ទាប់ពីកើតហេតុ ក្រុមមន្រ្តីរមណីយដ្ឋាន និងមន្រ្តីបរិស្ថាន បានព្យាយាមជួយអន្តរាគមន៍រុករកដើម្បីសង្រ្គោះរហូតដល់យប់ ប៉ុន្តែគ្មានលទ្ធផលអ្វីសោះ ទើបកម្លាំងមួយចំនួនបានដកថយមួយរយៈដោយទុកឲ្យមន្រ្តីមួយចំនួន និងសាច់ញាតិជនរងគ្រោះនៅឃ្លាំមើល។ រហូតដល់ម៉ោងជាង៩ព្រឹកថ្ងៃនេះ ទើបក្រុមមុខទឹករុករកឃើញសាកសពជនរងគ្រោះក៏ស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *