ភ្នំពេញៈ ជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទពីសិស្សស្រីពីរនាក់បានសម្រេច ខណៈកំពុងជិះស៊ីក្លូកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចំណុចផ្លូវ១៣កែង៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយបានព្យាយាមគេចខ្លួន តែគេចមិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់ ។
នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងជិះស៊ីក្លូពីរនាក់មិត្តភក្តិ តាមបណ្តោយផ្លូវព្រះនរោត្តម ពីត្បូងមកជើង ដល់ចំណុចផ្លូវ១៣០កែងផ្លូវនរោត្តម ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស មិនចាំស្លាកលេខជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FQ-5557 ជិះគ្នា២នាក់ ហើយបានជិះមកក្បែរគាត់ (នារីរងគ្រោះ) ពេលនោះជនសង្ស័យ ដែលជិះម៉ូតូ HONDA C125 បានឆក់យកទូរសព្ទដៃរបស់គាត់ ម៉ាក IPHON6S បានសម្រេច ហើយព្យាយាមបើកម៉ូតូគេចខ្លួនយ៉ាងលឿន ដោយបក្ខពួកដែលជិះម៉ូតូម៉ាក SUZUKI LET’S ជាអ្នកជិះបិទគូថពីក្រោយ។
នារីរងគ្រោះបន្តថា ក្រោយពីជនសង្ស័យបានឆក់ទូរសព្ទបានហើយ នាងបានស្រែកថា ចោរៗ ស្របពេលក៏មានកម្លាំងសមត្ថកិច្ចកំពុងតែល្បាតនៅក្បែរនោះ ក៏បានចេញអន្តរាគមន៍ដេញប្រផាប់ចាប់ប្រផីងរហូតដល់ចំណុចខាងលើ ក៏បានបុកម៉ូតូជនសង្ស័យ បណ្តាលឲ្យដួល ទើបឃាត់បានជនសង្ស័យទាំង២នាក់ រីឯបក្ខពួក២នាក់ទៀត ដែលជិះម៉ូតូម៉ាកSUZUKI LET’S គេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ជួន វិរៈសត្យា ភេទប្រុស អាយុ១៥ឆ្នាំ សិស្ស ស្នាក់នៅផ្ទះលេខ២B ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ(ជាអ្នកបើកម៉ូតូ)។ ២.ឈ្មោះ មាស ភីម ភេទប្រុស អាយុ១៥ឆ្នាំ សិស្ស ស្នាក់នៅផ្ទះ(មិនចាំលេខ) ផ្លូវ៦៧ ក្រុម៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ (ជាអ្នកឆក់)។ នារីរងគ្រោះឈ្មោះ ជឹម ស្រីនិច ភេទស្រី អាយុ២២ឆ្នាំ សិស្ស ស្នាក់នៅផ្ទះលេខ៥០E៣ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ៕ អូន ធួក
