ព្រៃវែងៈ នៅវេលាម៉ោង១២និង១០នាទី ថ្ងៃរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះនៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានមន្ត្រីក្រសួងការងារម្នាក់ បានដាច់ក្បាលចេញពីដងខ្លួន ធ្លាក់ក្នុងរថយន្តរបស់ខ្លួនភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តកាមរី ទៅបុកជាមួយរថយន្តហ៊ីយ៉ានដាយ ធុនធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក តូយូតា កាមរី ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-5813 បើកបរដោយជនរងគ្រោះឈ្មោះ សូ សុធា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នមានទីលំនៅផ្ទះលេខ៨ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានតួនាទីអនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារបណ្តុះបណ្តាល វិជ្ជារជីវៈ ប្រចាំខេត្តកំពង់ចាម បាន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តកាមរី ក៏បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀត បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1005 បណ្ដាលឲ្យអ្នកបើកបររថយន្តកាមរី ដាច់ក្បាលចេញពីខ្លួន ស្លាប់ភ្លាមៗនៅក្នុងរថយន្តមើលទៅគួរឲ្យរន្ធត់បំផុត ៕ កុសល
