រថយន្តស៊ីទែនដឹកសាំងក្រុមហ៊ុន LXR បុកនារីជិះម៉ូតូស្លាប់ម្នាក់របួសស្រាលម្នាក់

ភ្នំពេញៈមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតមានឡើងកាលពីវេលា ម៉ោង ១និង ១៥ នាទីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ នៅត្រង់ចំណុចគល់​ស្ពានលីយ៉ុង​ផាត់ តាមបណ្តោយផ្លូវទំនប់កប់ស្រូវភូមិ- សង្កាត់-ខណ្ឌ ព្រែកព្នៅ បណ្តាលឲ្យនារីមា្នក់រង​របួសស្រាល និងម្នាក់ទៀតបាត់បង់ជីវិត ដោយសាររថយន្តស៊ីទែនដឹកសាំងកៀរបណ្តាលឲ្យ ដួលម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្ត ។

ជនរងគ្រោះទី១ ឈ្មោះ ផង់ ស្រីរត័្ន ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ រងរបួស​ស្រាល និងទី២ឈ្មោះ សន សុគន្ធារី ភេទស្រី អាយុ១៨ឆ្នាំ(ស្លាប់) ជាអ្នកជិះពីក្រោយ។ អ្នកទាំងពីរមានទីលំនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ នាក់បានជិះម៉ូតូម៉ាកហុងដា ZoomerX ពាក់ស្លាកលេខភ្នំពេញ 1FK 4641 ឌុបគ្នាដោយធ្វើដំណើរ តាមបណ្តោយផ្លូវកប់ស្រូវពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ស៊ីទែនដឹកសាំងរបស់ក្រុមហ៊ុនLXR ពាក់ស្លាកលេខភ្នំពេញ 3B.0096 ធ្វើដំណើរស្របគ្នា ទៅ​កៀរ​ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយអ្នកជិះពីក្រោយបានខ្ទាតចូលក្រោមរថយន្ត​កិនស្លាប់មួយរំពេច ។ ចំណែកអ្នកឌុបរងរបួសស្រាលនិងម៉ូតូមិនខូចខាតប៉ុន្មានទេ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុនេះភ្លាម អ្នកបើករថយន្តបង្ក បាន បើកទៅមុខរហូតដល់សង្កាត់ឃ្មួញខណ្ឌសែនសុខ ទើបឈប់រថយន្តអែបចិញ្ចើមផ្លូវ រួចគេច ខ្លួនបាត់តែម្តង។

ក្រោយពេលមានហេតុការណ៍នេះឡើង ទើបឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវ​គោករាជធានីទៅដល់វាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ​ការិយា​ល័យ របស់ខ្លួនដើម្បីដោះស្រាយតាមច្បាប់ពេលក្រោយ។ ចំណែកសពនារីរងគ្រោះត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *