ភ្នំពេញ៖ស្នេហាត្រីកោណ ធ្វើឲ្យមនុស្សទាំង៣នាក់ ស្លាប់ជាបន្តបន្ទាប់ ដោយគ្រាប់កាំភ្លើង កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងបរិវេណអាគារ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៥៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បន្ទាប់ពី គេបានឮស្នូរសំឡេងកាំភ្លើងខ្លីជាច្រើនគ្រាប់ ផ្ទុះចេញពីក្នុងបន្ទប់អង្គភាពមួយនេះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលមានឮសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្នុងអង្គភាព មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម ( NPMEC ) បានធ្វើឲ្យអ្នកកំពុងធ្វើការនៅទីនេះ រត់ជាន់ជើងជាន់គ្នា ហើយមួយសន្ទុះក្រោយមក ទើបគេឃើញមានមនុស្សប្រុស២នាក់ ដួលក្នុងថ្លុកឈាម ស្លាប់ម្នាក់ ហើយម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែកក៏មាន ស្រីម្នាក់ទៀតដែរបានរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ព្រះកុសុមៈ តែដោយរបួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយក៏បាត់បង់ជីវិតទៅ។
ជាមួយនេះដែរគេបានឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លំាងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅដល់ ជួយអន្តរាគមន៍ភ្លាមៗ ទើបដឹងថា ករណីនេះ កើតឡើង ដោយសាររឿងស្នេហាត្រីកោណរវាង លោក ឧត្តមសេនីយ៍ទោ និង លោក វរសេនីយ៍ឯក ដែលស្រឡាញ់ជំនួយការស្រី ម្នាក់ធ្វើការជាមួយគ្នានៅក្នុងអង្គភាព។
បើតាមបុគ្គលិកធ្វើការនៅអង្គភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានលួចបង្ហើបប្រាប់សមត្ថកិច្ចថា អ្នកដែលស្លាប់ក្នុងរឿងស្នេហាត្រីកោណនេះ មាន ទី១ ឈ្មោះ អ៊ុំ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ជាប្រធាននាយកដ្ឋានធនធានមនុស្ស ( មានប្រពន្ធកូនរួចហើយ ) ទី២ ឈ្មោះ សេង ម៉ារីណា ភេទស្រី អាយុ៣៥ឆ្នាំ ជាជំនួយការ និងទី៣ ឈ្មោះ សែន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មានឋានន្តរស័ក្តិ វរសេនីយ៍ឯក។ អ្នកទាំង៣ ធ្វើការនៅអង្គភាពខាងលើជាមួយគ្នា។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា កន្លងមកឈ្មោះ សែន រដ្ឋា ( ជនដៃដល់ ) បានលួចស្រឡាញ់នាង សេង ម៉ារីណា ហើយមានបំណងយកនាងធ្វើជាគូអនាគត ដោយស្ទើររៀងរាល់ថ្ងៃ តែងបានទៅអង្គុយនិយាយលេង នៅជាន់ទី៥ ជាកន្លែងធ្វើការរបស់នាង សេង ម៉ារីណា រហូតធ្វើឲ្យបុរសនោះ លួចប្រតិព័ទ្ធស្នេហា ដោយមិនឲ្យនាងដឹងខ្លួនឡើយ។
លុះនៅព្រឹក ថ្ងៃកើតហេតុ សែន រដ្ឋា បានសម្រេចចិត្តសួរនាងសេង ម៉ារីណា ជាចុងក្រោយថា ខ្លួនគាត់នឹងចូលស្តីដណ្តឹង នាងរៀបការពេញច្បាប់ តើនាងយល់ព្រមឬទេ ? សំណួរនេះ បានធ្វើឲ្យនាងសេង ម៉ារីណា ឆ្លើយបដិសេធន៍ថា ខ្ញុំមិនស្រឡាញ់ លោកទេ ព្រោះខ្ញុំមានគេស្រឡាញ់រួចហើយ។ ចម្លើយនេះ ធ្វើឲ្យសែន រដ្ឋា សួរទៅវិញថា អ្នកដែលស្រឡាញ់ នាងនោះ គឺជាអ្នកណា ? នៅពេលនោះ ទំនងជានាង សេង ម៉ារីណា ទម្លាយអាថ៌កំបាំងស្នេហា របស់នាងជាមួយនឹង លោក ឧត្តមសេនីយ៍ទោ អ៊ុំ សុធា ទើបធ្វើឲ្យ សែន រដ្ឋា មានកំហឹងយ៉ាងខ្លាំង ក៏ដើរចេញពីបន្ទប់នាង សេង ម៉ារីណា ធ្វើការនៅជាន់ទី៥ ចុះទៅជាន់ទី៣ ចូលទីកាន់ការិយាល័យធ្វើការរបស់លោក អ៊ុំ សុធា ដោយមិនស្តីមួយម៉ាត់ រួចបានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់សំដៅ លោក អ៊ុំ សុធា ចំនួន៦គ្រាប់ ដោយមួយគ្រាប់ ត្រូវចំក មួយគ្រាប់ ទៀត ត្រូវចំដើមទ្រូង និងខ្លួនប្រាណចំនួន៤គ្រាប់ បណ្តាលឲ្យធ្លាក់ពីលើកៅអី ហើយភ្លាមនោះ លោក អ៊ុំ សុធា បានស្រវេស្រវា ដកកាំភ្លើងពីចង្កេះ បម្រុងបាញ់តបវិញដែរ តែបាញ់មិនទាន់ ក៏បាត់បង់ជីវិតទៅ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់សម្លាប់ លោក អ៊ុំ សុធា រួចហើយជនដៃដល់ រូបនេះ បានរត់ឡើងទៅជាន់ទី៥ សំដៅការិយាល័យធ្វើការរបស់នាង សេង ម៉ារីណា រួចបាញ់ នាងចំនួន ១គ្រាប់ទៀតចំទ្រូង បណ្តាលឲ្យរងរបួសធ្ងន់ ទើបបន្ទាប់មក សែន រដ្ឋា បានបាញ់ក្បាលសម្លាប់ខ្លួនឯងជា ក្រោយ។ ក្នុងករណីនេះបានធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នករួមការងារ ហើយបាននាំគ្នាទូរស័ព្ទ ហៅសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថរាជធានីចុះទៅជួយអន្តរាគមន៍ ដោយពេលទៅដល់ភ្លាម គេឃើញ លោក អ៊ុំ សុធា បានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។ ចំណែកនាង សេង ម៉ារីណា ដែលរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ តែដោយរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ហើយនៅពេលដឹកដល់ពាក់កណ្តាលផ្លូវ ក៏បាត់បង់ជីវិត ទើបក្រុមសង្គ្រោះ ដឹកសពមកតម្កល់ នៅមន្ទីរពេទ្យ ព្រះកុសុមៈវិញ។ ដោយឡែក ជនបង្ក សមត្ថកិច្ចបម្រុងដឹកកាន់មន្ទីរពេទ្យដែរ តែដោយរបួសធ្ងន់ពេក ក៏ស្លាប់ នៅក្នុងបន្ទប់ ជំនួយការស្រីនោះដែរទៅ៕ អូន ធួក
