



ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ហើយត្រូវម៉ូតូ១គ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំងសងខាង។ រីឯម៉ូតួមួយគ្រឿងបានដាច់កង់ចេញជាពីរកំណាត់រងការខូចខាតយ៉ាងដំណុំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ នៅចំណុចខាងកើតនាគបាញ់ទឹក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកTody ពណ៌សពាក់ស្លាកលេខភ្នំពេញ1CY 6139មិនស្គាល់ឈ្មោះធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយបញ្ច្រាស់ទិសដៅចរាចរណ៍។ ភ្លាមៗនោះក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េកែឆ្នៃមិនមានស្លាកលេខធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ពីវិមានឯករាជ្យទៅកោះពេជ្រ)ក៏ជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលបោកក្បាលទៅនិងថ្នល់រងរបួសធ្ងន់ធ្ងរទាំងសងខាង។ចំណែកម៉ូតូគ្រឿងបានដាច់កង់ខាងមុខចេញពីគ្នារងការខូចខាតយ៉ាងដំណុំ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលជំនាញនៃអធិការខណ្ឌធ្វើការវាស់វែងយកទៅរក្សាទុកនៅខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕សារ៉េត