

ភ្នំពេញ ៖ កូនប្រុស២នាក់បងប្អូនមានវ័យក្រោមអាយុ២០ឆ្នាំ បាននាំគ្នាទិញថ្នាំញៀនជក់រហូតវង្វេងស្មារតីវាយតប់បោកបោះសម្ភារៈក្នុងផ្ទះនិងស្រែកឡូឡាអុកឡុកផ្អើលអ្នកភូមិ ដោយសារពួកខឹងឪពុករបស់ខ្លួនមានប្រពន្ឋចុងងប់ងុលពេកមិនរវល់គិតគូរដល់គេជាកូនៗបង្កើត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នៅក្នុងភូមិត្រពាំងរាំងចាស់សង្កាត់
ឃ្មួញខណ្ឌសែនសុខ។
បងប្អូនប្រុសទាំង២នាក់ដែលកម្លាំងនគរបាលឃាត់ខ្លួនតាមបណ្តឹងរបស់ឪពុកនោះ៖
ទី១/ឈ្មោះ ចាន់ ដារ៉ា អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី/២ ឈ្មោះ ចាន់ រស្មី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់បងប្អូនស្នាក់នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលខណ្ឌសែនសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ឪពុកជនសង្ស័យទាំងពីរនាក់មកប្ដឹងថាកូនគាត់ទាំងពីរនាក់តែងតែរករឿង អុកឡុកក្នុងផ្ទះជារៀងរាល់ថ្ងៃធ្វើអោយគាត់ទ្រាំទមិនបានគាតប្រាប់នគរបាលខណ្ឌចុះទៅឃាត់ខ្លួនដល់ផ្ទះយកមកកាន់អធិការខណ្ឌសែនសុខ ដើម្បីធ្វើតេស្ត៍ទឹកនោម រកសារធាតុញៀន។ក្រោយពីធ្វើតេស្ត៍ឃើញថា យុវជនទាំងពីរនាក់គឺមានផ្ទុកនូវសារធាតុញៀនពិតប្រាកដមែន ទើបឃាត់ខ្លួនជាផ្លូវការ។
តាមចំលើយសារភាពរបស់ជនសង្ស័យទាំង២នាក់នៅចំពោះមុខកម្លាំងនគរបាលនិយាយថាពួកគេពិតជាបាន(ជក់)ប្រើប្រាស់ពិតប្រាកដមែន។ ពួកគេបន្តថា មូលហេតុដែលខ្លួនអុកឡុកក្នងផ្ទះដូច្នេះគឺ ដោយសារតែខឹងឪពុកមានប្រពន្ធក្រោយ ហើយតែងតែរករឿង និងដេញពួកខ្លួន
ចេញពីផ្ទះរាល់ថ្ងៃ ទើបពួកគេមួរម៉ៅ និងអុកឡុកក្នុងផ្ទះតែម្តង។
បច្ចុប្បន្ន យុវជនទាំងពីរនាក់បងប្អូនត្រូវកម្លាំងនគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត