បញ្ជូនស្រី្តស្មូមម្នាក់ទៅតុលាការ ពាក់ព័ន្ធកេងប្រវ័ញ្ចពលកម្មកុមារឲ្យសុំទាន

ភ្នំពេញ​៖ ស្ត្រី​វ័យចំណាស់ជាស្មូមម្នាក់ ឈ្មោះ ភួង ច​ន្នី អាយុ​៥០​ឆ្នាំ ត្រូវបានមន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ កាលពី​រសៀល ថ្ងៃទី​៣ កក្កដា ពាក់ព័ន្ធកៀប​បង្ខំ​កុមារ​តូចៗ​ឲ្យ​សុំទាន​តាម​ទីសាធារណៈ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ស្ត្រី​រូបនេះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទកេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ​ ​និង​រក្សាទុក​កុមារ​ដោយ​ខុសច្បាប់​។

លោក​វរសេនីយ៍ត្រី សេន កូ​ម៉ុ​ន នាយការិយាល័យ​ប្រឆាំង​បទល្មើស​ជួយ​ដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែងនៅ​ព្រឹក ថ្ងៃទី​៤ កក្កដាឆ្នាំ២០១៧ ថា នេះ​ជា​លើកទី១ហើយ ដែលកម្លាំង​កងរាជអាវុធហត្ថរាជធានី​បាន​បង្ក្រាប​និងមានចំណាត់កាទៅលើ​ករណី​សុំទាន​តាម​ចិញ្ចើមផ្លូវ ប្រយោជន៍​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សង្គ្រោះ​កុមារ​រងគ្រោះដែល​​មនុស្សចាស់ពេញវ័យកេងប្រវ័ញ្ចពលកម្មកុមារ។

នៅ​ចំពោះមុខ​សមត្ថកិច្ចស្រី្តរូបនេះបាន​សារភាពថា គេ​បាន​ប្រកបមុខរបរ​នេះ​អស់​រយៈពេល​៧-៨​ឆ្នាំ​មកហើយ ដោយ​ក្មេងៗ​ទាំងនោះ ត្រូវបាន​គាត់​យក​ចេញពី​គ្រួសារ​ក្រខ្សត់មកបង្ហាត់បង្រៀនឲ្យសុំទានហើយក្មេងៗ​រងគ្រោះ​ទាំងនោះត្រូវបាន​គេ​វាយ​ធ្វើបាប បើសិនជា​សុំ​លុយ​មិនបាន​តាម​ចំនួន​កំណត់​របស់គេទេនោះ ។ ​

គួរ​បញ្ជាក់ថា ស្ត្រី​ឈ្មោះ ភួង ច​ន្នី ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ជាមួយ​ក្មេងៗ​សរុប ៧​នាក់ ដែល​ក្នុងនោះ​មាន​ទារក​២​នាក់​ បន្ទាប់ពីស្រី្តរូបនេះ បង្ខំកុមារទាំងនេះឲ្យដើរសុំទានតាមផ្លូវសាធារណៈក្នុង​រាជធានី​ភ្នំ​ពេញ​​យកលុយឲ្យខ្លួន។ ក្មេងៗ​រងគ្រោះ​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ឲ្យ​ទៅ​ស្នាក់នៅ​ជា​មួយ​អង្គការ​គាំពារ​កុមារ ដើម្បី​ស្វែងរក​ម្ដាយ និង​អាណាព្យាបាល​របស់​ពួកគេផង​ដែរ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *