យុវជន​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​បុក​ពី​ក្រោយ​ពេញទំហឹង​

img_4911img_4912img_4910
ភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ ខណៈដែលយុវជន២នាក់ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងបន្សល់ទុកតែជនរងគ្រោះនៅកន្លែង។ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦វេលាម៉ោង១៩ម៉៣០នាទីយប់ ស្ថិតនៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឆន វាសនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅភូមិ ក្រាំងពង្រ សង្កាត់ ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មករ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ អឿន សំអុល ភេទ ប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅភូមិ ក្រាំងពង្រ សង្កាត់ ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មករ (រងរបួសធ្ងន់) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1S 8933 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់កន្លែងកើតហេតុស្រាប់តែឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវស្របទិសគ្នាមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។បន្ទាប់មកអ្នកបើកបររថយន្តបង្កហេតុឃើញសភាពបែបដូច្នោះក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដងទៅ។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
បច្ចុប្បន្ននេះម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យយកទៅរក្សាទុករងចាំសាច់ញាតិរបស់ជនរងគ្រោះមកទទួលយកទៅវិញ៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *