ភ្នំពេញ: ជនជាតិចិនចំនួន៧៣នាក់ដែលពាក់ព័ន្ធការជម្រិតទារប្រាក់ ឆ្លងដែនតាមប្រព័ន្ធអ៊ីធើណេត ទៅប្រទេសចិន ត្រូវបានសមត្ថកិច្ចនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនទៅប្រទេសគេវិញ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា នេះ តាមការស្នើសុំរបស់ភាគីចិនដើម្បីចាត់វិធានការ តាមផ្លូវច្បាប់របស់ខ្លួនបន្ទាប់ពីជនជាតិចិនទាំងនេះត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃ ១ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តកណ្តាល។
អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច ធ្វើឡើង១១គោលដៅគឺ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពតហើយឃាត់បាន “ជនជាតិចិនទាំង៧៣នាក់ក្នុងនោះមានស្រី២១នាក់ ពាក់ព័ន្ធការជម្រិតទារប្រាក់ឆ្លងដែន។
ជាលទ្ធផល ការបង្ក្រាបនៅរាជធានីភ្នំពេញ មានចំនួន៧គោលដៅ ឃាត់ខ្លួនជនជាតិចិនចំនួន៣៥នាក់ ស្រី១១នាក់។ នៅខេត្តកំពត ចំនួន៣គោលដៅ ដោយឃាត់ខ្លួនជនជាតិចិន ចំនួន៣៨នាក់ ស្រី១១នាក់។ ខេត្តកណ្ដាល ចំនួន២គោលដៅ និងដកហូតបានវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ឯកបន្តថា ជនជាតិចិនទាំងនេះត្រូវបានបញ្ជូនតាមយន្តហោះរបស់ភាគី ចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកក្កដានេះ ៕ប្រសើរ