រថយន្តស៊ីម៉ង់ត៍សញ្ញាអូដរបស់ក្រុមហ៊ុនជីពម៉ុងបុកមនុស្សស្លាប់ហើយគំរាមវ៉ៃជនរងគ្រោះទៀត

ភ្នំពេញៈរថយន្តស៊ីម៉ង់ត៍សញ្ញាអូដរបស់ក្រុមហ៊ុនជីពម៉ុងមួយគ្រឿងត្រូវអ្នកបើកបរស្ទើរភ្លើងម្នាក់បើកបុកម៉ូតូសិស្សម្នាក់ស្លាប់រួចបើកគេចជិតមួយម៉ោងទើបគេចាប់ឃាត់ខ្លួនបានបែរជាឆ្លើយថាមិនដឹងតែពេលសាក្សីដែលឃើញហេតុការណ៍នេះផ្ទាល់ភ្នែកចង្អុលបង្ហាញទើបសារភាព​ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយឃាត់ខ្លួនជនសង្ស័យជាអ្នកបើបររថយន្តបង្កនៅម៉ោង៩ព្រឹកថ្ងៃដដែល ។

ជនរងគ្រោះឈ្មោះ ថេង ម៉េងលី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សិស្សរៀនថ្នាក់ទី៩ដេ វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ។ រីឯជនសង្ស័យ ឈ្មោះ សាត សម្ផស្ស ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរ បើកបររថយន្ត ស៊ីម៉ង់ត៍សញ្ញាអូដ ឲ្យក្រុមហ៊ុនជីព ម៉ុង មានស្រុកកំណើត ភូមិចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិចំនួន ៣នាក់ទៀតបានជិះម៉ូតូពីរគ្រឿងចេញពីផ្ទះសំដៅទៅព្រះអង្គដងកើក្នុងគោលបំណងស្រោច ទឹកដើម្បីលើករាសីសម្រាប់ថ្ងៃប្រលងឆមាសថ្ងៃខាងមុខ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ វេងស្រេងពីលិចទៅកើត។ លុះមកដល់ចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ស្រាប់តែមានរថយន្តដឹកថ្មរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍សញ្ញាអូដមួយគ្រឿង ពណ៌លឿង អត់ពាក់ ស្លាកលេខខាងក្រោយ តែមានស្លាកលេខខាងមុខភ្នំពេញ3D-5918 ធ្វើដំណើរមក​ពីក្រោយហើយបានកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តកិនបែកផ្លោកនោមហោយពីរម៉ោងក្រោយមកបានបាត់បងជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ និងជនរងគ្រោះម្នាក់ទៀតជិះពីក្រោយរបួសស្រាល ។

សាក្សីបាននិយាយថា នៅពេលនោះអ្នកបើកបររថយន្តឈ្មោះសាត សម្ផស្ស បានឈប់ រថយន្តហើយចុះមកមើលជនរងគ្រោះរហូតជេរប្រមាថសម្លុតគំរាមកំហែងនិងចង់វាយមិត្តភក្តិនិងជនរងគ្រោះទាំង៤នាក់ថែមទៀត រួចទើបឡើងបើករថយន្តគេចពីកន្លែងកើតហេតុបាត់ទៅ ។ ពេលឃើញដូច្នេះអ្នកឃើញហេតុការណ៍នេះរារាំងជនសង្ស័យមិនឲ្យវាយក្មេង រួចបានជួយ​លើកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិតែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់មកមិត្តភក្តិជនរងគ្រោះបានទូរស័ព្ទប្រាប់ឪពុក ម្តាយជនរងគ្រោះឲ្យដឹង ក៏នាំសាច់ញាតិតាមរករថយន្តជាងម៉ោងទើបឃើញរថយន្តនេះកំពុង បើកគេចខ្លួនទៅដល់ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក៏ប្តឹងសមត្ថកិច្ច​នៅទីនោះឲ្យឃាត់អ្នក បើកបរនិងរថយន្តប្រគល់ឲ្យសមត្ថកិច្ចនគរបាលការិយាល័យ​ចរាចរណ៍ផ្លូវគោករាជធានីដោះស្រាយតាមច្បាប់ ។

នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ដំបូងឡើយជនសង្ស័យរូបនេះ បានបដិសេធថា ខ្លួនគេមិនបានបើករថយន្តបង្កឲ្យជនរងគ្រោះស្លាប់ទេ ប៉ុន្តែក្រោយមកទើប សាក្សី៣នាក់ជាសិស្សសាលា រួមនឹងអ្នកឃើញឧប្បត្តិហេតុនេះនៅកន្លែងហេតុចង្អុលមុខ​បង្ហាញថា ពូនេះហើយដែលបើករថយន្តបុកជនរងគ្រោះស្លាប់​ ព្រោះបានចំណាំមុខ យ៉ាង​ច្បាស់គាត់ចុះពីលើរថយន្តចង្អុលមុខគំរាមពួកគេទៀតផង ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានី សាកសួរ​និងកសាង  សំណុំរឿងតាមច្បាប់ដើម្បីបញ្ជូនទៅតុលាការវិនិច្ឆ័យទោស តាមច្បាប់ ៕​អូនធួក

Leave a Reply

Your email address will not be published. Required fields are marked *