





ភ្នំពេញ៖ឪពុកម្ដាយខិតខំរកប្រាក់អោយកូនរៀនសូត្រចេះដឹងនឹងគេ បែរជារៀនមិនកើតស្ដីបន្ទោសអោយបន្តិចបន្តួចចងកសម្លាប់ខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០:៣០នាទីយប់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្ទះជួលលេខ២០បេផ្លូវ២០៤ភូមិ៦សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខ ភារម្យអាយុ២២ឆ្នាំមុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង។
តាមប្រភពព៌ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុឪពុកម្ដាយរបស់ជនរងគ្រោះបានបញ្ជូនជនរងគ្រោះពីស្រុកកំណើតអោយមកបន្តការសិក្សានៅឯវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញនិងជួលបន្ទប់សំរាប់កូនស្នាក់នៅ។ប៉ុន្តែកូនរបស់គាត់មិនខិតខំរៀនសោះគិតតែដើរលេងតាមមិត្តភ័ក្តរហូតប្រលងធ្លាក់រួច គាត់ស្តីបន្ទោសអោយខិតខំរៀនសូត្រ។លុះមកដល់ថ្ងៃកើតហេតុខាងលើគាត់ចូលទៅក្នុងផ្ទះបាយក៏ឃើញកូនចងកសំលាប់ខ្លួនហើយ។បន្ទាប់មកក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ដែលនៅជិតកន្លែងកើតហេតុតែម្តង។
ក្រោយពីទទួលបានដំណឹងកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលជំនាញខណ្ឌចុះមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យព្រមទាំងរាយការណ៍នគរបាលជំនាញនៃស្នងការក្រុងមកធ្វើកោសល្យវិច្ច័យ។
តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលជំនាញនៃស្នងការក្រុងបានអោយដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែននឹងមានក្រម៉ាពណ៌ក្រហមជាប់កទៀតផង។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការក្រុងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ខុងមុីង