ភ្នំពេញៈ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន នៅចំណុចទីតាំងមួយកន្លែង លើផ្លូវលេខ២៨៧ ខាងក្រោយវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឃឹម ស្រីស្រស់ ភេទស្រី អាយុ ២៧ឆ្នាំ ដែលមានទីលំនៅ ខាងក្រោយវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក ទី២ឈ្មោះ ទុំ ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ទី៣ ឈ្មោះ រី យ៉ា ភេទស្រី អាយុ២៧ឆ្នាំ និង ទី៤ ឈ្មោះ លន វល័ក្ខ ភេទស្រី អាយុ ១៧ ឆ្នាំ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន ប្រភេទ ក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៨កញ្ចប់តូច ទូរស័ព្ទដៃ៨គ្រឿង សៀវភៅសម្រាប់កត់ត្រាថ្ងៃសម្រាប់លក់គ្រឿងញៀនចំនួនមួយក្បាល ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំងបួននាក់ រួមទាំងវត្ថុតាង ត្រូវបានកងកម្លាំងប្រឆាំងរបស់ការិយាល័យប្រឆាំគ្រឿងញៀនរាជធានីភ្នំពេញ នាំខ្លួនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរាជធានី ភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ អូនធួក
