អគារប៊ូឌីញចាប់ផ្តើមវាយកម្ទេចនៅថ្ងៃ១៧កក្កដា ក្រោយធ្វើក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី

ភ្នំពេញៈនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧មានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ឲ្យមានសេចក្ដីសុខ ដើម្បីរុះរើអគារប៊ូឌីញ«ស» ធ្វើការអភិវឌ្ឍន៍ថ្មី ក្រោមការចូលរួមពី​លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីក្រុមហ៊ុនជប៉ុន Arakawa ព្រមទាំងអ្នកជំនាញជាច្រើន ។

លោក បេងហុង សុជាតិខេមរ៉ូ បានមានប្រសាសន៍ថា “ការរុះរើអគារប៊ូឌីញ ប្រើប្រាស់​រយៈពេលជាង៤ខែ និងតាមបច្ចេកទេស ទំនើបត្រឹមត្រូវ សំខាន់បំផុត គឺការពារបរិស្ថាន​បានដូចជា សំឡេង ហ៊ុយធូលី ហើយមិនឲ្យរំខានបងប្អូន រស់នៅជុំវិញនោះទេ ”។លោកថា  ក្រសួងបានធ្វើសំណើជូនក្រុមហ៊ុនជប៉ុន (Arakawa) ពេលធ្វើអគារថ្មី ត្រូវមានកន្លែងសិល្បៈ ហើយក្រុមហ៊ុន Arakawa ក៏បានឯកភាពផងដែរ ។ការរុះរើ នឹង ប្រើប្រាស់គ្រឿងចក្រ ច្រើនជាងមនុស្ស ធ្វើឲ្យលឿនប្រើរយៈពេល៣ទៅ៤ខែ ប្រើកម្លាំងវាយធ្វើអត់បាននោះទេ ទាល់តែប្រើគ្រឿងចក្រ ហើយយើងការពាររហូត ក្នុងការវាយអគារនេះ គឺយើងបាញ់ទឹកទាំងអស់ កុំហ៊ុយ ទៅលើប្រជាពលរដ្ឋ រស់នៅជុំវិញនេះ ហើយខាងក្រុមហ៊ុនត្រូវធ្វើរបងជាមុនសិន  ដើម្បីការពារសុវត្ថិភាព ជូនពលរដ្ឋរស់នៅជុំវិញ និងអ្នកធ្វើដំណើរទៅវិញទៅមកកុំឲ្យគ្រោះថ្នាក់។

ពលរដ្ឋម្នាក់ជាអតីតអ្នករស់នៅអគារប៊ូឌីញបានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ចំពោះលោក​ ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ដែលបានដោះស្រាយតំបន់នេះបានជោគជ័យនិង ធ្វើឲ្យពលរដ្ឋអាចទទួលបានសមរម្យ ដោយគ្មានកើតអំពើហិង្សា ដូចការអភិវឌ្ឍក្នុងតំបន់ផ្សេងៗទៀត នៅរាជធានីភ្នំពេញនាពេលកន្លងមក ។

សូមរំលឹកថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ ស្ថិតក្នុងការសិក្សា រវាងក្រសួងរៀបចំដែនដី និងក្រុមហ៊ុនជប៉ុន Arakawa គ្រោងចំណាយថវិកា ប្រមាណ ៧០-៨០លានដុល្លារ រួមមាន ការសាងសង់ទីតាំងស្នាក់នៅ បណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះ ត្រៀមធ្វើទីតាំងចំណត៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន១០% ហើយចាប់ពីជាន់ទី៩ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគ របស់ក្រុមហ៊ុនជប៉ុន Arakawa ទាំងអស់៕ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *