ឆក់បានទូរស័ព្ទអាយហ្វូន តែបន្សល់ទុកអាសង់ថ្មីច្រឺង

ភ្នំពេញៈ នារីម្នាក់ ខណៈកំពុងជិះម៉ូតូជាមួយសង្សារត្រូវជនសង្ស័យពីរនាក់ រួមនិងបក្ខពួកបានធ្វើសកម្មភាពឆក់យកទូរសព្ទពីបានសម្រេច​ ហើយព្យាយាមជិះរត់គេចមកដល់ចំណុចក្រោមស្ពានអាកាស៥មករា ក៏ប៉ះជាមួយឡានក្រុងដួលម៉ូតូ ភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូបក្ខពួកគេចខ្លួនបាត់ ដោយ​អស់បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៧ នៅមុខផ្ទះលេខ៥៨៨ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះ ដែលត្រូវចោរឆក់ទូរសព្ទឈ្មោះ ភើម សុជាតិតា អាយុ១៩ឆ្នាំ មុខរបរជាបុគ្គលិកសណ្ឋារគារប្លូហ្វាយ ស្នាក់នៅក្បែរសណ្ឋារគាររីហ្គោល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះ បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូជាមួយសង្សារតាមបណ្ដាយផ្លូវកម្ពុជាក្រោម ពីលិចទៅកើតលុះមកមុខផ្ទះលេខ៥៨៨ ស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូម៉ាកសងC125 ស៊េរី2017គ្មានលេខ ឆក់យកទូរសព្ទ ម៉ាក Ipone7 ពណ៌ក្រហម ដែលកាន់និងដៃបានសម្រេច ហើយពួកវាបើករត់គេចខ្លួន។ ពេលនោះ ជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗ ពេលជនសង្ស័យជិះមកដល់ក្រោមស្ពានអាកាស៥មករា ក៏បុកឡានក្រុងពីក្រោយ ដួលម៉ូតូ ហើយភ្លាមនោះមានបក្ខពួកប្រហែល៣ម៉ូតូមកពីក្រោយដឹកគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *