ស្រី្តម្នាក់ត្រូវក្រុមចោរបានឆក់កាបូបលុយយកទៅបាត់ ដួលសន្លប់ឈឹង

 

ភ្នំពេញៈជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច បណ្តាលឲ្យស្រី្តរងគ្រោះដួលម៉ូតូបោកនឹងផ្លូវសន្លប់ឈឹង ហើយភ្លាមនោះត្រូវអ្នកធ្វើដំណើរតាមផ្លូវជួយគក់ច្របាច់ឲ្យដឹងខ្លួនឡើងវិញ តែមានស្មារតីមិន នឹងនឡើយ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកកក្កដា នៅខាងមុខស្ថានទូតបារាំង ក្បែរគល់ស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ឆ្នាំ២០១៧ ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ស្រ្តីរងគ្រោះមានវ័យជាង៣០ឆ្នាំ ជិះម៉ូតូកូនទាតែម្នាក់ឯងដោយនៅលើស្មាស្ពាយកាបូប​លុយមួយ​ធ្វើ​ដំណើរ​តាមបណ្តោយ​ផ្លូវព្រះមុនីវង្សពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន​ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅមិនចាំស្លាកលេខមួយគ្រឿងមកឆក់​កាបូបលុយពីស្រី្តរងគ្រោះបណ្តាលឲ្យដួលម៉ូតូ​សន្លប់ឈឹង រួចជនសង្ស័យបាន​ជិះម៉ូតូគេច​ខ្លួនតាមរង្វង់មូលកាំភ្លើងកួចកាណុង ទៅផ្លូវលេខ​៧០ បាត់ដោយសុវត្ថិភាពតែម្តង។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាស្រី្តរងគ្រោះហាក់ដូចជាសំណាងល្អ ព្រោះពេលដួលកណ្តាលថ្នល់គ្មានរថយន្តបើកមកដល់ ប្រសិនបើមានរថយន្តបើកក្បែរវិញ អាចរថយន្តកិនស្លាប់ផងក៏មិនដឹង។ជាមួយនេះគេមិនដឹងថាក្នុងកាបូបដែលបាត់បង់នោះមានអ្វីខ្លះនោះទេ ព្រោះជនរងគ្រោះងើបពីសន្លប់សួរអ្វីក៏មិនដឹង សូម្បីតែឈ្មោះគាត់ និងទីលំនៅឯណាក៏មិនប្រាប់ដែរ បានត្រឹមគ្រវីក្បាលប៉ុណ្ណោះ ។

បន្ទាប់មកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលចរាចរឈរជើងនៅម្តុំនោះ ជួយគក់ច្របាច់លើកទៅអង្គុយលើចិញ្ចើមផ្លូវ ឲ្យមានស្មារតីនឹងនឡើងវិញ ទើបឲ្យគាត់បន្តដំណើរទៅមុខទៀត ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *